ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ម្នាក់ចូលមកផឹកខ្យល់គរស្លាប់នៅលើកៅអី

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បើកម៉ូតូមកអង្គុយផឹកកាហ្វេនៅក្នុងហាងមួយកន្លែងយីហោគឹមលី១ ស្រាប់តែខ្យល់គរស្លាប់នៅលើកៅអី។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់ម្ចាស់ហាងរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកទីតាំងកើតហេតុភ្លាមៗកាលពីម៉ោង៧:៣០នាទីយប់ថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DP-0990 ចូលទៅអង្គុយផឹកកាហ្វេនៅក្នុងហាងមួយកន្លែងយីហោ គឹមលី ១ តាំងពីវេលាថ្ងៃត្រង់មក លុះមកដល់វេលាកើតហេតុ ដោយម្ចាស់ហាងឆ្ងល់ឃើញបុរសរងគ្រោះបានទន់កដេកនៅលើកៅអីអស់ជាច្រើនម៉ោងមិនឃើញកម្រើកក៏ទៅដាស់និងស្រែកហៅខ្លាំង តែជនរងគ្រោះមិនឃើញតបមកវិញ។ បន្ទាប់មកក៏នាំគ្នាចូលទៅអង្រួនជនរងគ្រោះនៅតែមិនងើបក៏នាំគ្នាស្ទាបនិងពិនិត្យម្តងទៀតឃើញថាគាត់បានខ្យល់គរស្លាប់នៅលើកៅអីបាត់ទៅហើយក្រោយមកបាននាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកទីតាំងដើម្បីពិនិត្យទៅលើសព។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញកោសល្យវិច័យពិនិត្យទៅលើសព។ក្រោយពិនិត្យរួចខាងជំនាញបញ្ជាក់ថាសពស្លាប់ដោយសារខ្យល់គរ រួចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ


ចែករំលែក៖