ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តចតស្ងៀមបណ្តាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងបានជ្រុលទៅបុករថយន្តឃ្លុបមួយគ្រឿងដែលឈប់ទម្លាក់ស្រាបៀរឱ្យម៉ូយ​ បណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តរបស់អង្គភាពកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១៤និង៤០នាទីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងក្នុងភូមិភូមិព្រៃរងៀង សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

ជនរងគ្រោះឈ្មោះ ឃៀង ងីម ភេទប្រុស អាយុ ៤៤ឆ្នាំ បានបាត់បង់ស្មារតី មានទីលំនៅភូមិឫស្សី ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត  ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តឃ្លុបដឹកស្រាបៀរមួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AM-5250 ឈប់ចតនៅប្របចិញ្ចេីមផ្លូវបេតុងក្នុងទិសដៅពីលិចទៅកេីត ខណៈកំពុងទម្លាក់ដាក់ស្រាបៀរឱ្យម៉ូយ ភ្លាមនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដា​ឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1DG-0812 មកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលទៅបុកគូទរថយន្តពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់​ ។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីដោះស្រាយនាពេលក្រោយ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖