ខេត្តកណ្តាល ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះ សហការជាមួយព្រះរាជអាជ្ញារង បានឃាត់ខ្លួនជនសង្ស័យ១នាក់ ដែលផលិត លក់ និងចែកចាយឧបករណ៍ឆក់ត្រីខុសច្បាប់នៅភូមិទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តល ខេត្តកណ្តាល នឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលចាត់ការតាមនីតិវិធីច្បាប់។
សមត្ថកិច្ចចម្រុះរួមមាន អធិការដ្ឋានរដ្ឋបាលជលផលចតុមុខ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ រួមជាមួយខណ្ឌរដ្ឋបាលជលផលកណ្តាល កងកម្លាំងជំនាញស្រាវជ្រាវ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការដឹកនាំដោយលោកព្រះរាជអាជ្ញារងខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យឈ្មោះ សែម វ៉ាន់ថា ហៅជាង សំ ដែលបានផលិត លក់ ចែកចាយឧបករណ៍ឆក់ត្រីខុសច្បាប់ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញជលផល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ សិលា