ខេត្តព្រះវិហារ ៖ ជនសង្ស័យម្នាក់ដែលតែងធ្វើសកម្មភាពលួចយ៉ាងសកម្មនៅក្នុងក្រុងព្រះវិហារនោះត្រូវបានកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋានខេត្តធ្វើការបង្ក្រាបឃាត់ខ្លួនបានហើយនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត។
ការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបាននោះក្រោមការបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់និងការយកចិត្តទុកដាក់ការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត។ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានជនមិនស្គាល់អត្តសញ្ញាណបានបើកទ្វារចូលលួចយកកុំព្យូទ័រមួយគ្រឿងនិងកាបូបស្ពាយចំនួនមួយផងនោះ លោកឧត្ដមសេនីយ៍ទោសួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានដាក់បទបញ្ជាដល់ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលដឹកនាំដោយលោកវរសេនីយ៍ឯក គង់ គា បានសហការជាមួយកម្លាំងជំនាញក្រុងព្រះវិហារនិងប៉ុស្តិ៍រដ្ឋបាលកំពង់ប្រណាក ចុះទៅដល់កន្លែងកើតហេតុពិនិត្យនិងស្រាវជ្រាវព័ត៌មានជុំវិញកន្លែងកើតហេតុទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ភ្លាមៗ។
ជនសង្ស័យម្នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ ធឿង បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបមិនពិតប្រាកដ រស់នៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារខេត្តព្រះវិហារ ដែលជាមុខសញ្ញាចាស់ធ្លាប់លួចយ៉ាងសកម្មនិងធ្លាប់ជាប់ពន្ធនាគារចំនួន២លើកមកហើយដែរ។
ក្រោយពីសមត្ថកិច្ចបានធ្វើការសាកសួ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកកុំព្យុទ័រនិងកាបូបស្ពាយនោះមែន ជារបស់ឈ្មោះឈឹម សុថុន នៅភូមិអណ្តូងពោធិ៍ សង្កាត់កំពុងប្រណាក ក្រុងព្រះវិហារកាលពីវេលាម៉ោង៤និង៣០នាទីថ្ងៃទី១៤ ខែកក្តដាឆ្នាំ២០២៤ប្រាកដមែន ហើយខ្លួនក៏ធ្លាប់បានធ្ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋជាច្រើនលើកក្រោយចេញពីពន្ធនាគារមក។
ក្រោយពីទទួលចម្លើយសារភាពហើយ លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តព្រះវិហារបាននាំខ្លួនជនសង្ស័យទៅឆែកឆេរនិងបានដកហូតសម្ភារវត្ថុតាងរួមមាន៖ កុំព្យុទ័រចំនួនមួយគ្រឿង, ទូរទស្សន៍មួយគ្រឿង, ដាវមួយ, ញញួមួយ, កាំបិតតូចធំ៩ដើម, កន្ត្រៃមួយ, ទួណឺវីសមួយ , កាបូបស្ពាយមួយនិងសម្ភារដែជនសង្ស័យលួចតាមផ្ទះពីប្រជាពលរដ្ឋមួយចំនួនធំទៀត។
ជនសង្ស័យត្រូវបានកម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីដើម្បីចាត់ការតាមផ្លូវច្បាប់ និងបានបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងនៅវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ផងដែរ៕
ដោយ ៖ ជីវ័ន្ត