ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់រងរបួសធ្ងន់ខណៈជិះម៉ូតូបុករថយន្តពីក្រោយដែលកំពុងឈប់ទិញទឹកក្រឡុក

ចែករំលែក៖

ភ្នំពេញ៖ មេឃកំពុងរលឹមធ្លាក់ភ្លៀង បុរសម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកគូទរថយន្តមួយគ្រឿងដែលកំពុងឈប់ទិញទឹកក្រឡុក បណ្ដាលឱ្យប្លោងបោកក្បាលទៅនឹងផ្លូវរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្បែរផ្សារដីហុយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក Alphard ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ05 2-2644 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវហាណូយក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ រថយន្តក៏បានអែបកៀនដើម្បីឈប់ទិញបង្អែមទឹកក្រឡុក ស្របពេលនោះក៏មានបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1CP-4369 ជ្រុលទៅបុកពីក្រោយរថយន្ត Alphard ពេញទំហឹង រួចអ្នកបើកម៉ូតូបានប្លោងទៅបោកក្បាលជាមួយផ្លូវ បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចពេញខ្លួន រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ។

ក្រោយពេលកើតហេតុ កម្លាំងអាជ្ញាធរមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកបានចុះមកដល់ទីតាំងកើតហេតុ រួចធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកជាបណ្ដោះអាសន្ន រង់ចាំការដោះស្រាយនៅពេលក្រោយ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖