ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកក្កដា តាមបណ្តាខេត្ត និងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី៣០%

ចែករំលែក៖

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកក្កដា តាមបណ្តាខេត្ត និងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី៣០% ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ។ 

ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ៖

ប្រព័ន្ធសម្ពាធទាបនៅតែបន្តមានឥទ្ធិពលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង សមុទ្រ Andaman ភាគកណ្តាលនិងខាងកើតឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា និងភាគ កណ្តាលនៃអាងទន្លេមេគង្គ ហើយបណ្តាលឱ្យរបបខ្យល់មូសុងនិរតីមានឥទ្ធិពលកាន់តែខ្លាំងមក លើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤

១-តំបន់វាលទំនាប៖

– សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសបស្ចិម និងទិសបស្ចិម មានល្បឿនមធ្យម ៤,៥០ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី៣០%។

២-តំបន់ខ្ពង់រាប៖

-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម ៥,៥០ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរ មានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ៖ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤៥%។

៣-តំបន់មាត់សមុទ្រ៖

– សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C ។ ខ្យល់បក់ មកពីទិសនិរតី មានល្បឿនមធ្យម ៩,៥០ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃ ដី៤៥%។

-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា១,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា២,៥០ម៉ែត្រ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖