ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៧ និង កិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់” នៅថ្ងៃទី២៤-២៧ ខែ កក្កដា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ តបតាមការអញ្ជើញរបស់ លោក សាលើមសៃ គុំម៉ាស៊ីដ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ ផ្តល់ឱកាសដើម្បី ពិភាក្សាការងារកសាងសហគមន៍អាស៊ាន រួមទាំងវិធីសាស្ត្រប្រកបដោយនវានុវត្តន៍ក្នុងការលើក កម្ពស់កិច្ចសហប្រតិបត្តិការអាស៊ានបន្ថែមទៀត ដើម្បីសម្រេចបាននូវតំបន់មួយដែលកាន់តែមាន ភាពតភ្ជាប់ និងភាពធន់ជាងមុន សម្រាប់វិបុលភាពរួម។
លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំដាច់ដោយឡែកក្រោមក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការមេគង្គ ជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន សាធារណរដ្ឋកូរ៉េ និងសហរដ្ឋអាមេរិក។
ក្នុងឱកាសស្នាក់នៅទីក្រុងវៀងចន្ទន៍លោកឧបនាយករដ្ឋមន្ត្រី រួមជាមួយរដ្ឋមន្ត្រីការបរទេស អាស៊ាន និងអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
លោកឧបនាយករដ្ឋមន្ត្រី ក៏រំពឹងថានឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយសមភាគីបរទេសមួយចំនួន ដើម្បីពិភាក្សាពីកិច្ចសហ ប្រតិបត្តិការដែលមានផលប្រយោជន៍ទៅបងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ៕
ដោយ ៖ សិលា