ព័ត៌មានទាន់ហេតុការណ៍៖

ការរុករកឧទ្ធម្ភាគចក្រមួយគ្រឿងដែលបាត់ដំណឹងការទាក់ទងនៅម្ដុំជួរភ្នំក្រវ៉ាញ ឈានចូលដល់ថ្ងៃទី ១០ហើយ !

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ការខិតខំរបស់កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទជំនាញ ការរុករកឧទ្ធម្ភាគចក្រមួយគ្រឿងដែលបាត់ដំណឹងការទាក់ទងនៅម្ដុំជួរភ្នំក្រវ៉ាញ ឈានចូលដល់ថ្ងៃទី ១០ហើយ ! បើគិតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ នៅតែមិនទាន់ឃើញនៅឡើយ។

សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី ១២ ខែកក្កដាឆ្នាំ២០២៤ ឧទ្ធម្ភាគចក្រមួយគ្រឿងនិងអ្នកបើកបរពីរនាក់ដែលកំពុងហោះហើរក្នុងភារកិច្ចវឹកហ្វឺនបានបាត់ការទាក់ទងនៅម្ដុំជួរភ្នំក្រវ៉ាញ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

មួយថ្ងៃក្រោយមកបេសកកម្មស្វែងរុករកបានចាប់ផ្តើម ប៉ុន្តែសកម្មភាពរុករកបានប្រើពេលវេលាអស់រយៈពេល ៩ ថ្ងៃហើយ ប៉ុន្តែមិនទាន់ឃើញមានតម្រុយ ទីដៅណាមួយដែលអាចនាំឆ្ពោះទៅរកឃើញនោះទេ។

ប្រតិបត្តិការរុករកនេះ បានប្រើប្រាស់កម្លាំងថ្មើរជើងដោយពាក់អាវភ្លៀងចូលទៅកាន់តំបន់ព្រៃក្រាស់ ជ្រោះជ្រលងភ្នំ និងកងកម្លាំងរុករកពីខាងលើ តំបន់ព្រៃដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ និងយន្តហោះដ្រូន ដែលនៅពេលចុងក្រោយនេះកម្លាំងរុករកបានកើនឡើងដល់ជាង១០០០នាក់ហើយដោយពាក់អាវភ្លៀងចុះប្រតិបត្តិការ។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា ការដែលប្រើរយៈពេលយូរក្នុងការស្វែងរកដោយសារអាកាសធាតុដែលមានភ្លៀងខ្លាំងនិងចុះអ័ព្ទខ្លាំងហើយងងឹតដែលធ្វើអោយមានការរំខានដល់ឧទ្ធម្ភាគចក្រ ដែលរុករកមើលពីលើ។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី១៧កក្កដា ឆ្នាំ២០២៤ កន្លងទៅ ក៏បានអញ្ជើញចុះទៅដឹកនាំផ្ទាល់ក្នុងប្រតិបត្តិការរុករកនេះដែរ។

ប្រតិបត្តិការរុករកនេះ ធ្វើឡើងនៅម្តុំជួរភ្នំក្រវ៉ាញនិងភ្នំខ្មោច។

បើតាមមន្ត្រីក្រសួងការពារជាតិបានអោយដឹងថាការវឹកហ្វឺនឧទ្ធម្ភាគចក្រនេះធ្វើឡើងជារាល់ថ្ងៃដែលមានទិសដៅពីភ្នំពេញទៅថ្មដា ហើយពីថ្មដាទៅពោធិ៍សាត់ហើយបកមកភ្នំពេញវិញ។ ហើយឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទងនៅផ្តុំជួរភ្នំក្រវ៉ាញនេះមានមនុស្សជិះ២នាក់គឺអ្នកបើកបរម្នាក់និងជំនួយការម្នាក់។

យ៉ាងណាក៏ដោយប្រតិបត្តិការរុករកនៅតែបន្ត ខណៈអាកាសធាតុហាក់បានប្រសើឡើងវិញ ដែលអំណោយផលដល់ការងារនេះ។

បើតាមព័ត៌មានផ្លូវការ ពីក្រសួងការពារជាតិ តាមរយៈកងទ័ពជើងអាកាស បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទង កាលពីថ្ងៃទី១២ កក្កដា គឺជាជើងហោះហើរ ដឹកនាំ ដោយ ឈ្មោះ ស៊ុន ផល្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ។

តាមរយៈ លិខិត ស្ដីពីផែនការហោះហើរ របស់កងទ័ពអាកាសនៃក្រសួងការពារជាតិ លេខ៤១៧ /២៤ ដែលបានចែកចាយជាសាធារណៈ នាថ្ងៃ១៣ កក្កដានេះ បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រZ-9 លេខ MH912 ត្រូវមានជើងហោះហើរ ពីភ្នំពេញ -ថ្មដារ-ពោធិ៍សាតិ – ភ្នំពេញ ក្នុងភារកិច្ចហ្វឹកហ្វឺនផ្លូវឆ្ងាយឱ្យអាកាសយានិក ដែលចេញដំណើរពីម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១២កក្កដា និងត្រូវវិលត្រឡបមកវិញ នៅម៉ោង១៤ រសៀលថ្ងៃដដែល។

ប៉ុន្តែជាអកុសល ឧទ្ធម្ភាគចក្រZ-9 លេខ MH912 ដែលដឹកនាំ ដោយ ឈ្មោះ ស៊ុន ផល្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ត្រូ វបានបាត់ការទាក់ទង និងពុំមានការបញ្ជាក់ ពីមូលហេតុឡេីយ ៕

ដោយ ៖ សិលា


ចែករំលែក៖