សារព័ត៌មាន Reuters ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃចន្ទ ទី២២ ខែកក្កដានេះបាននិយាយថាលោកគោរពការសម្រេចចិត្តដ៏លំបាក តែរឹងមាំរបស់ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ក្នុងការដកខ្លួនចេញពីការប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ និងអរគុណលោក បៃដិនសម្រាបការផ្ដល់ ការគាំទ្រដល់អ៊ុយក្រែន ក្នុងសង្រ្គាមជាមួយរុស្ស៉ី។
នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «អ៊ុយក្រែនសូមអរគុណលោកប្រធានាធិបតី បៃដិន សម្រាប់ ការផ្ដល់ការគាំទ្រឥតងាករេរបស់លោកចំពោះការតស៊ូប្រយុទ្ធរបស់អ៊ុយក្រែន ដើម្បីសេរីភាព គួបផ្សំជាមួយការគាំទ្រយ៉ាងរឹងមាំពីគណបក្សទាំង២របស់សហរដ្ឋអាមេរិក ដែលបាន និងកំពុងបន្តយ៉ាងមានសារៈសំខាន់»។ លោកបន្ថែមថា «មានការសម្រេចចិត្តរឹងមាំជាច្រើនត្រូវបានធ្វើឡើងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយការសម្រេចចិត្តទាំងនោះ នឹងត្រូវបានចងចាំជាការបោះជំហានយ៉ាងក្លាហានរបស់លោកប្រធានាធិបតី បៃដិន ឆ្លើយតបទៅនឹងពេលវេលាដ៏លំបាក។ យើងគោរពការសម្រេចចិត្តដ៏លំបាក នៅថ្ងៃនេះ តែប្រកបដោយភាពរឹងមាំ»។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសដកខ្លួនចេញពីការប្រកួតប្រជែងក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក បន្ទាប់ពីរងសម្ពាធ និងការអំពាវនាវពីសមាជិកកាន់តែច្រើននៅក្នុងគណបក្សប្រជាធិបតេយ្យឱ្យរូបលោកដកខ្លួន។ សម្ពាធទាំងនេះបានកើតឡើង ក្រោយលោកធ្វើមិនបានល្អទាល់តែសោះ នៅក្នុងវេទិកាតស៊ូមតិជាមួយលោក ដូណាល់ ត្រាំ កាលពីខែមិថុនាកន្លងទៅ។
ជាមួយការសម្រេចចិត្តដកខ្លួន លោក ចូ បៃដិន ក៏បានផ្ដល់ការគាំទ្រដល់អនុប្រធានាធិបតីរបស់លោក គឺលោកស្រី Kamala Harris ដើម្បីជំនួសរូបលោកក្នុងនាម ជាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ ក្នុងការប្រកួតតតាំងជាមួយលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ផងដែរ៕
ដោយ៖ ធីរីណា(រូបថត៖ tienphong)