ភ្នំពេញ៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានឱ្យដឹងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះថា៖ ក្រសួងមហាផ្ទៃ បានគាំទ្រនូវសំណេីរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងបានស្នេីអភិបាលនៃគណ:អភិបាលរាជធានី ខេត្ត ផ្តល់កិច្ចសហការ និងសម្របសម្រួលជាមួយ អ.ដ.ក. ដេីម្បីឱ្យ អ.ដ.ក. ផ្សព្វផ្សាយអំពីបេសកកម្មរបស់ខ្លួន និងធ្វេីការរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកទេសនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។
ប្រភពដដែលបន្តថា យោងតាមសំណើរបស់លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន(អ.ដ.ក.) សុំកិច្ចសហការជាគោលការណ៍ ដើម្បីអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ចុះធ្វើការជាមួយរដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងគោលបំណងផ្សព្វផ្សាយអំពីបេសកកម្មរបស់ អ.ជ.ក. និងរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកទេសនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ លោកឧបនាយករដ្ឋមន្ត្រី សូមគោរពជម្រាបជូន លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី មេត្តាជ្រាបថា ការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជាកិច្ចការអាទិភាពទី១ ក្នុង ចំណោមកិច្ចការអាទិភាពទាំង៣ នៃវិធានការគន្លឹះទី៥ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដើម្បី “ពង្រឹង និង លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌”។
ដើម្បីអនុវត្តកិច្ចការអាទិភាពទី១ នេះ, អាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដែលជាស្ថាប័នថ្មីមួយ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។ ដោយកិច្ចការនេះ គឺជាអាទិភាពនយោបាយមួយរបស់រាជរដ្ឋាភិបាល និងដើម្បី ឱ្យយន្តការសម្រុះសម្រួលដោះស្រាយវិវាទដោយ អ.ដ.ក. អាចដំណើរការទៅដោយរលូន និងសម្រេចបាន លទ្ធផលខ្ពស់ ក៏ដូចជាដើម្បីពង្រឹងប្រសិទ្ធភាពនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដោយ រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ សង្កាត់, អ.ជ.ក. សូមស្នើសុំកិច្ចសហការ ជាគោលការណ៍ពីក្រសួងមហាផ្ទៃ ដើម្បី អ.ដ.ក. អាច (ទី១)- ផ្សព្វផ្សាយបញ្ហាបការយល់ដឹងពីបេសកកម្ម របស់ អ.ដ.ក. និងរបៀបនៃការដោះស្រាយបញ្ចប់ជាស្ថាពរនូវវិវាទ តាមរយៈយន្តការរបស់ អ.ដ.ក. ដែល កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទធ្វើឡើងដោយ អ.ដ.ក. មានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់ តុលាការ និង (ទី២)- រៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកទេសនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្តុលាការជូនដល់រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីនៃការិយាល័យ នីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕ដោយ៖តារា