ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ជិន ម៉ាលីន៖ សាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ២២ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៥៩នាក់ ក្នុងរយៈពេលមួយសប្ដាហ៍

ចែករំលែក៖

ភ្នំពេញ៖ លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា ក្នុងរយៈពេល ៧ថ្ងៃ ពីថ្ងៃទី១៥ ខែកក្កដា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ២២ ករណី ដែលមានជនសង្ស័យចំនួន ៨៩ នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៥៩នាក់។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿង ពាក់ព័ន្ធករណីក្មេងទំនើងប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

បន្ថែមពីនេះ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ យើងខ្ញុំសូមអំពាវនាវដល់ឪពុកម្តាយ ព្រមទាំងអាណាព្យាបាលទាំងអស់ ត្រូវខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់កូនៗ ឱ្យដើរតាមគន្លងត្រឹមត្រូវវៀរចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ និងសូមអំពាវនាវដល់យុវជនទាំងអស់ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ សូមប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ហើយសូមជៀសវាងពីសកម្មភាពទាំងឡាយណា ដែលបង្កអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ៕ដោយ៖តារា


ចែករំលែក៖