ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ៖ មនុស្សសរុបចំនួន ៣៦នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធ ៣បទល្មើសផ្សេងគ្នា ក្នុងរយៈពេលមួយថ្ងៃនៅទូទាំងប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះថា៖ ជនសង្ស័យចំនួន ៣៦នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៅទូទាំងប្រទេសកម្ពុជា បានចុះស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនពាក់ព័ន្ធ ៣បទល្មើសផ្សេងគ្នា កាលពីថ្ងៃទី២១ ខែកក្កដាម្សិលមិញនេះ ក្នុងនោះរួមមាន៖បទល្មើសព្រហ្មទណ្ឌ ,បទល្មើសគ្រឿងញៀន និងករណីក្មេងទំនើង។

លោកអ្នកនាំពាក្យ បានថ្លែងបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ៣៦នាក់នោះ មាន ១៨នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសគ្រឿងញៀន ០៤ករណី និងជនសង្ស័យ ១៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសព្រហ្មទណ្ឌ ១១ករណី។ ចំណែកករណីក្មេងទំនើងទាំង ០៥នាក់នោះ មាននៅ រាជធានីភ្នំពេញ ២នាក់ និងកំពង់ឆ្នាំង៣នាក់។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមានឡេីង។

ជាមួយគ្នានេះ លោកអ្នកនាំពាក្យ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស ជាពិសេសករណីក្មេងទំនើង និងបម្រើប្រជាពលរដ្ឋផងដែរ៕ដោយ៖តារា


ចែករំលែក៖