ព័ត៌មានទាន់ហេតុការណ៍៖

លោកខាងលិចផ្តល់អាវុធដល់អ៊ុយក្រែន ប៉ុនណាក៏មិនគ្រប់ដែរ បើរុស្ស៉ីបាញ់ស្ទាក់ដ្រូនអ៊ុយក្រែន៧៥គ្រឿងក្នុងមួយយប់

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃចន្ទទី២២ ខែកក្កដា ឆ្នាំ២០២៤បានផ្សាយថា នៅថ្ងៃចន្ទនេះ រុស្ស៉ីបាននិយាយថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូន ចំនួន៧៥គ្រឿងដែលហោះចេញមកពីអ៊ុយក្រែន ក្នុងនោះជិត៥០គ្រឿងត្រូវបានបាញ់កម្ទេចលើតំបន់ Rostov ភាគខាងត្បូង។
ក្រសួងការពារជាតិរុស្ស៉ីបាននិយាយថា ប្រព័ន្ធការពារដែនអាកាសបានបាញ់ស្ទាក់ដ្រូនចំនួន៤៧គ្រឿងនៅលើតំបន់ Rostov, ១៧គ្រឿងនៅលើតំបន់សមុទ្រខ្មៅ និងសមុទ្រ Azov ព្រមទាំង១១គ្រឿងនៅតំបន់ដទៃទៀត ក្នុងនោះរួមមាន១គ្រឿងនៅតំបន់ Belgorod ដែលរងការវាយប្រហារញឹកញាប់។ អាជ្ញាធររុស្ស៉ីបានអះអាងថា បំណែកនៃដ្រូន១គ្រឿង ដែលត្រូវបានបាញ់ទម្លាក់ បានបង្កជាគ្រោះអគ្គិភ័យ នៅរោងចក្រចម្រាញ់ប្រេង១កន្លែង។
បើតាមព័ត៌មានបឋម មិនមានព័ត៌មានសេចក្តីរាយការណ៍ពីមនុស្សរងគ្រោះថ្នាក់ស្លាប់ឬរបួសក្នុងការវាយប្រហារខាងលើឡើយ។ ជាច្រើនខែមកនេះ សឹងតែរៀងរាល់ថ្ងៃ រុស្ស៉ីបានប្រកាសអំពីការបាញ់ស្ទាក់ដ្រូនរបស់អ៊ុយក្រែន ដែលទីក្រុងកៀវអះអាងថា គឺជាការឆ្លើយតបមកវិញ សម្រាប់ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី ដែលមានគោលដៅលើទីតាំងយោធានិងស៉ីវិលរបស់អ៊ុយក្រែន ចាប់តាំងតែពីទីក្រុងមូស្គូបានបើកការឈ្លានពាន លើប្រទេសជិតខាងខ្លួន កាលពីខែកុម្ភៈ ឆ្នាំ២០២២៕

ដោយ៖ ធីរីណា(រូបថត៖ GD&TD)


ចែករំលែក៖