ភ្នំពេញ៖ ក្នុងជំនួបសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសន្យាថា នឹងបន្តនូវភារកិច្ចដែលលោកអគ្គលេខាធិការបន្សល់ទុកនូវស្នាដៃនៃការកសាងប្រទេស ក៏ដូចជាការកសាងនូវមិត្តភាព ជាបងប្អូន ជាមិត្តជិតខាងល្អរវាងកម្ពុជា វៀតណាម និងពង្រឹង ពង្រីកបន្ថែមទៀត សម្រាប់មនុស្សជំនាន់ថ្មី។
ការថ្លែងបែបនេះរបស់ប្រធានរដ្ឋវៀតណាម បានធ្វើឡើងក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសនៃការអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព លោក ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈមបក្សកុម្មុយនីស្តវៀតណាម នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងជំនួបដ៏មានសារៈសំខាន់នោះ ភាគីទាំងពីរបានថ្លែងអំណរគុណគ្នាទៅវិញទៅមក ពិសេសលោក តូ ឡឹម បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ភូជុង នាឱកាសនេះ។
ជាមួយគ្នានេះ ប្រធានរដ្ឋថ្មីរបស់វៀតណាម បានថ្លែងអំណរគុណថ្វាយ និងជូនចំពោះព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំគ្រប់ស្ថាប័នទាំងអស់ របស់ព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើនូវសាររំលែកទុក្ខចំពោះ ការបាត់បង់ ថ្នាក់ដឹកនាំដែលជាមហាបុរសរដ្ឋវៀតណាម និងជាការបាត់បង់របស់ប្រជាជនកម្ពុជាផងដែរ។
នាឱកាសនោះ ភាគីទាំងពីរបានសម្តែង នូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ នូវធនធានមហាបុរសរដ្ឋនេះ ទាំងបក្សនិងប្រជាជនវៀតណាម។
លោក តូ ឡឹម ក៏បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ដែលបានបង្ហាញនូវមនោសញ្ចេតនា ក្នុងការចូលរួមជាគ្រួសារ និងជូនដំណើរជាលើកចុងក្រោយជូនវិញ្ញាណក្ខន្ធ លោក ង្វៀន ភូជុង រហូតដល់ថ្ងៃទី២៦កក្កដា ស្អែកទៀត ដែលនេះបានបង្ហាញឲ្យឃើញថា មិត្តភាពដែលមានជាង ១ទសវត្សរ៍កន្លងទៅ រវាងលោក ង្វៀន ភូជុង ដែលបានធ្វើការជាមួយសម្តេចតេជោ គឺពិតជាមានតម្លៃខ្លាំងណាស់។
បន្ថែមពីនេះ ក្នុងនាមជាប្រធានរដ្ឋថ្មីរបស់វៀតណាម លោក តូ ឡឹម នឹងបន្តការងារទាំងអស់នោះ ដើម្បីឲ្យការងារទាំងបក្ស និងរដ្ឋនៃប្រទេសទាំងពីរកម្ពុជា វៀតណាម ក៏ដូចជាការងារបក្ស និងរដ្ឋ នៃប្រទេសទាំងបី កម្ពុជា វៀតណាម ឡាវ ឲ្យកាន់តែរឹងមាំយូរអង្វែងតទៅមុខទៀត។ តាមរយៈនេះភាគីទាំងពីរ និងបន្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ និងអនុវត្តន៍កិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ អនុវត្តន៍ឲ្យកាន់តែមានប្រសិទ្ធភាព ពិសេសលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការទាំងឡាយ ដែលថ្នាក់ដឹកនាំជំនាន់មុនបានបន្សល់ទុក៕
ដោយ៖ តារា