ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ធ្លាក់ខ្លួនឈឺធ្ងន់ ព្រោះប្ដីហេងស៊យនាំពីស្រុកម៉ាឡៃមកធ្វើការសំណង់នៅក្រុងប៉ោយប៉ែត ពេលបានប្រាក់រត់ចោលនាងបាត់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ស្រ្តីម្នាក់ធ្លាក់ឈាមតាមទ្វារមាសដោយសារគាត់ធ្វើការធ្ងន់ហួសកម្លាំងទាំងខ្លួនមានផ្ទៃពោះ ព្រោះប្ដីហេងស៊យនាំគាត់ពីស្រុកម៉ាឡៃមកធ្វើការសំណង់នៅក្រុងប៉ោយប៉ែត ហើយពេលបើកប្រាក់បានរត់ចោលគាត់កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។

ស្ត្រីរងគ្រោះឈ្មោះ ញ៉ែម ស្រីពួន អាយុ២៥ឆ្នាំ ។

លោកសន មុន្នី មេភូមិមិត្តភាពបានប្រាប់ថាៈ ក្រោយពីទទួលដំណឹងពីស្ត្រីម្នាក់មានជំងឺហូរឈាមតាមទ្វារមាសធ្ងន់ធ្ងរដោយសារធ្វើការលើសកម្រិត ព្រោះស្រ្តីរងគ្រោះមានផ្ទៃពោះមកធ្វើជាកម្មករសំណង់ជាមួយប្ដីនៅផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ បន្ទាប់ពីធ្វើការងារមួយរយៈប្ដីបើកប្រាក់បានរត់ចោលប្រពន្ធបាត់ ទុកស្រ្តីរងគ្រោះខាងលើធ្វើជាកម្មករសំណង់ម្នាក់ឯងជាមួយកម្មករផ្សេងៗទៀត។ លោកមេភូមិបាននាំយកថវិកាផ្ទាល់ខ្លួនមួយចំនួនរួមទាំងសារុងដើម្បីផ្លាស់ប្ដូរយកទៅឱ្យក្មួយស្រីនៅមន្ទីរពេទ្យបង្អែក។

   ប្រភពបញ្ជាក់ថាៈស្រ្តីខាងលើមានសភាពធ្លាក់ឈាមតាមទ្វារមាសធ្ងន់ធ្ងរត្រូវបានកម្មករធ្វើការជាមួយយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត(ដីថ្មី) ពេលនេះលោកគ្រូរពេទ្យបានបញ្ជូនទៅមន្ទីរពេទ្យមិត្តកម្ពុជា-ជប៉ុនមង្គលបុរីហើយ។

   ដោយឡែកកូនប្រុសស្រីពីរនាក់បន្សល់ទុកឱ្យជីដូនជរាមើលថែនៅក្នុងស្រុកម៉ាឡៃ តែពេលនេះលោកកំពុងតែកៀរគរសប្បុរសជនក្រែងបានថវិកាខ្លះផ្ដល់ជូនក្មួយប្រុសស្រីរស់នៅជាមួយជីដូនគ្រាន់ទិញអង្ករផ្គត់ផ្គងជីវភាពទំរាំម្ដាយរបស់គាត់ជាពីជំងឺមករកប្រាក់ចិញ្ចឹមកូននិងជីដូនវិញ៕

ដោយ៖ វណ្ណា


ចែករំលែក៖