ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំផ្សព្វផ្សាយលិខិតលេខ ២៣០៧ សជណ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹង ការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ នៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្ត តំណាង លោក ប៉េងពោធិ៍សា អភិបាលខេត្តស្វាយរៀង បានជំរុញដល់លោក លោកស្រីមេឃុំ ចៅសង្កាត់ រដ្ឋបាលក្រុង ស្រុក មន្ត្រីជំនួយបច្ចេកទេស នៃទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ស្របតាមគោលការណ៍ បែបបទ និងនីតិវិធីជាធរមាន ព្រមទាំងពង្រឹងការប្រើប្រាស់មូលនិធិឃុំ សង្កាត់ផ្នែកអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែចំគោលដៅ និងប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ ដោយត្រូវអនុវត្តឱ្យបានត្រឹមត្រូវស្របតាមសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ជាពិសេសត្រូវយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់តាមខ្លឹមសារលិខិតលេខ ២៣០៧ សជណ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ។

ការជំរុញបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលិខិតលេខ ២៣០៧ សជណ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹង ការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ នាសាលប្រជុំសាលាខេត្តស្វាយរៀង។

លោក រស់ ផារិទ្ធ អភិបាលរងខេត្ត  បានផ្តាំផ្ញើ និងណែនាំដល់ លោក លោកស្រីមេឃុំ ចៅសង្កាត់ លោកអភិបាល អភិបាលរងក្រុង ស្រុក និងមន្ត្រីជំនួយបច្ចេកទេស នៃទីចាត់ការផែនការ និងវិនិយោគ ព្រមទាំងមន្រ្តី និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិ សង្កាត់ នៅក្នុងខេត្តស្វាយរៀង ដោយត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ស្របតាមស្មារតីលិខិតលេខ ២៣០៧ សណន ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ដែលបានដាក់ចេញនូវគោលការណ៍ណែនាំ ចំនួន ៨ចំណុច ដើម្បីចាត់ចែងអនុវត្ត ។

ទន្ទឹមនេះ លោក អភិបាលរងខេត្ត ក្នុងនាមតំណាង លោកអភិបាលខេត្តស្វាយរៀង  បានបញ្ជាក់ និងសង្កត់ធ្ងន់ថា ចាប់តាំងពីពេលនេះតទៅ រដ្ឋបាលខេត្តនឹងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះមន្ត្រីរាជការ សមាជិកក្រុមប្រឹក្សា ស្មៀនឃុំ សង្កាត់ អ្នកទទួលការទាំងឡាយណាស្ថិតក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្តស្វាយរៀង ដែលបានប្រព្រឹត្តកំហុសឆ្គង បំពានក្រមសីលធម៌វិជ្ជាជីវៈ ដោយមិនបានអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួន ឬមានការពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតី ការឃុបឃិត ការក្លែងបន្លំ ការបង្ខិតបង្ខំ ឬការប្រព្រឹត្តអំពើពុករលួយផ្សេងៗក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ដោយត្រូវអនុវត្តវិន័យ ឬទណ្ឌកម្ម ដូចមានចែងក្នុងខ្លឹមសារលិខិតលេខ ២៣០៧ សជណ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ  ស្របតាមមាត្រា ៨៤ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ (ចំពោះក្រុមប្រឹក្សាឃុំ សង្កាត់) មាត្រា ៤០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល (ចំពោះមន្ត្រីរាជការស៊ីវិល) និងចំណុច ៣.២.៧ និង ៣.១១ នៃសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ (ចំពោះអ្នកទទួលការ) និងបញ្ឈប់កិច្ចសន្យា (ចំពោះបុគ្គលិកជាប់កិច្ចសន្យា) ៕

ដោយ៖ សុថាន


ចែករំលែក៖