ប្រទេសជាច្រើននៅជុំវិញពិភពលោក ក្នុងនោះមានអាមេរិកនិងប្រទេសតំបន់អឺរ៉ុប បានអំពាវនាវដល់ពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសលីបង់ដោយសារតែការប្រឈមមុខតានតឹងរវាងក្រុមហេប៊ូឡាស់ នឹងអុីស្រាអែល។
សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២៤ បានផ្សាយថា អូស្រ្តាលីបានស្នើឱ្យពលរដ្ឋរបស់ខ្លួនដែលស្ថិតនៅលីបង់ ចាកចេញពីប្រទេសនេះជាបន្ទាន់ ដោយនិយាយថា មានហានិភ័យច្បាស់លាស់ថា ភាពតានតឹងរវាងអ៉ីស្រាអែលនឹងក្រុម Hezbollah អាចកើនឡើងកាន់តែខ្លាំង។
ជនជាតិអូស្រ្តាលីចំនួន ១៥,០០០នាក់កំពុងរស់នៅក្នុងប្រទេសលីបង់ ដោយចំនួននេះបានកើនឡើងរាប់ពាន់នាក់ ក្នុងអំឡុងរដូវក្តៅចាប់ពីខែមិថុនា ដល់ខែកញ្ញា។ លោកស្រី Penny Wong រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីបានបង្ហោះសារជាវីដេអូតាមបណ្តាញសង្គម X កាលពីយប់ថ្ងៃពុធសប្តាហ៍នេះថា «ឥលូវនេះជាពេលត្រូវចាកចេញ។ ស្ថានភាពសន្តិសុខអាចនឹងកាន់តែយ៉ាប់យ៉ឺនភ្លាមៗ ដោយស្ទើរតែឬគ្មានការជូនដំណឹងតែម្តង»។ លោកស្រីបានឱ្យដឹងបន្ថែមថា អាកាសយានដ្ឋានក្នុងទីក្រុងបេរូត អាចត្រូវបិទទាំងស្រុង ប្រសិនបើស្ថានភាពកាន់តែអាក្រក់។ សម្រាប់អ្នកចង់ចាកចេញ ហើយត្រូវបានប្រាប់ឱ្យរង់ចាំពេលបន្ថែម គួរតែប្រើប្រាស់ជើងហោះហើរពាណិជ្ជកម្ម ទាន់នៅមានដំណើរការ។
ស្ថានភាពតំបន់មជ្ឈិមបូព៌ាស្ថិតនៅក្នុងសភាពផុយស្រួយអស់ជាច្រើនខែមកហើយចំពោះមុខសង្គ្រាមនៅឯតំបន់ហ្កាហ្សា។ ការស្នើរបស់អូស្រា្តលីនាពេលនេះ ធ្វើឡើងស្រដៀងគ្នាទៅនឹងសេចក្តីណែនាំរបស់សហរដ្ឋអាមេរិក ក៏ដូចជាចក្រភពអង់គ្លេសក្នុងសប្តាហ៍នេះ៕
ដោយ៖ ធីរីណា(រូបថត៖ TTXVN)