ព័ត៌មានទាន់ហេតុការណ៍៖

ចិនហក់ឡើងលេខ១ក្នុងតារាងមេដាយនៅអូឡាំពិកទីក្រុងប៉ារីស២០២៤ ខណៈម្ចាស់ផ្ទះបារាំងឈរលេខ២

ចែករំលែក៖

ព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤នេះ បានឈានចូលដល់ថ្ងៃទី៧ហើយ ដោយមានកីឡាករកីឡាការិនីមកពីជុំវិញពិភពលោកកំពុងប្រជែងគ្នាដណ្តើមមេដាយជូនជាតិរៀងៗខ្លួន។

សម្រាប់គិតត្រឹមរសៀលថ្ងៃទី១ ខែសីហានេះ ប្រទេសនៅតំបន់អាស៊ីគឺសាធារណរដ្ឋប្រជាមានិតចិន កំពុងនាំមុខក្នុងនាមជាប្រទេសដែលមានមេដាយច្រើជាងគេក្នុងព្រឹត្តការណ៍ខាងលើ។ មកដល់ពេលនេះចិនទទួលបានមេដាយ ក្នុងនោះមានមេដាយមាស៩គ្រឿង, ប្រាក់៧គ្រឿង និងសំរិទ្ធិ៣គ្រឿង។

ចំណែកប្រទេសកំពុងតាមពីក្រោយដោយឈរលេខរៀងទី២គឺម្ចាស់ផ្ទះបារាំង ទទួលបានមេដាយមាស៨គ្រឿង, ប្រាក់១០គ្រឿង និងសំរិទ្ធិ៨គ្រឿង។ រីឯជប៉ុនបានធ្លាក់មកឈរលេខ៣ ទទួលបានមេដាយមាស៨គ្រឿង, ប្រាក់៣គ្រឿង និងសំរិទ្ធិ៤គ្រឿង។

ម្ចាស់ផ្ទះបារាំងដែលកំពុងឈរលេខរៀងទី២ ទទួលបានមេដាយសរុបច្រើនជាងគេលំដាប់ទី២ មាន២៦គ្រឿង ខណៈដែលសហរដ្ឋអាមេរិកឈរលេខ១ក្នុងនាមប្រទេសមានមេដាយសរុបច្រើនជាងគេ៣០គ្រឿង ប៉ុន្តែប្រទេសនេះបានឈរនៅលេខរៀង៧ ក្នុងតារាងមេដាយមាស។

លេខរៀងបន្តបន្ទាប់ក្នុងតំបន់ Top 10 គឺអូស្ត្រាលីឈរលេ៤ មានមេដាយមាស៧គ្រឿង, ប្រាក់៦គ្រឿង, សំរិទ្ធិ៣គ្រឿង។ អង់គ្លេសឈរលេខ៥ មានមេដាយមាស៦គ្រឿង, ប្រាក់៦គ្រឿង និងសំរិទ្ធិ៥គ្រឿង។ កូរ៉េខាងត្បូងឈរលេខ៦ មានមេដាយមាស៦គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធិ៣គ្រឿង ខណៈអាមេរិកឈរលេខ៧ ទទួលបានមេដាយមាស៥ ប្រាក់១៣គ្រឿង និងសំរិទ្ធិ១២គ្រឿង។

អ៊ីតាលីឈរលេខរៀងទី៨ ទទួលបានមេដាយមាស៣គ្រឿង ប្រាក់៦គ្រឿង និងសំរិទ្ធិ៤គ្រឿង រីឯកាណាដាឈរលេខរៀងទី៩ ទទួលបានមេដាយមាស២គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធិ៣គ្រឿង ខណៈដែលអាល្លឺម៉ង់ ឈរលេខ១០ទទួលបានមេដាយមាស២គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធិ២គ្រឿង ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤នេះ មានអត្តពលិកជាង១០,៥០០នាក់ ដែលប្រកួតប្រជែងលើប្រភេទកីឡាចំនួន៣២នៅក្នុងការប្រកួតចាប់ផ្តើមពីថ្ងៃទី២៦ ដល់ថ្ងៃទី១១ ខែសីហា ខាងមុខ ប៉ុន្តែប្រភេទកីឡាមួយចំនួនបានចាប់ផ្តើមប្រកួតនៅមុនថ្ងៃបើកដូចជា បាល់ទាត់ បាល់ទះជាដើម៕

ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)


ចែករំលែក៖