ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ហេតុអ្វីខ្សែផ្លូវនៅក្រុងបាត់ដំបងត្រូវជីក កាយ គាល់…!

ចែករំលែក៖

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បានលើកឡើងថា ៖ បច្ចុប្បន្នខ្សែផ្លូវស្ទើរទាំងអស់ក្នុងក្រុងបាត់ដំបង កំពុងត្រូវបានគាស់ កាយ ជីក ដើម្បីអនុវត្តគម្រោងស្តារប្រព័ន្ធលូរំដោះទឹកកខ្វក់ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចេញក្រៅក្រុង និងបញ្ចៀសទឹកជំនន់នៅក្នុងក្រុង។

គម្រោងនៅប៉ែកខាងកើតស្ទឹងសង្កែ ដែលរួមមាន៖ សង្កាត់រតនៈ សង្កាត់ព្រែកព្រះស្ដេច គ្រោងបញ្ចប់ចុងឆ្នាំ២០២៤នេះ។

គម្រោងដដែលនេះគឺប៉ែកខាងលិចស្ទឹងសង្កែ ដែលរួមមាន៖ សង្កាត់ស្វាយប៉ោ សង្កាត់ទួលតាឯក និងសង្កាត់ចំការសំរោង គ្រោងបញ្ចប់ចុងឆ្នាំ២០២៥។

លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន បន្តថា ៖ គម្រោងស្តារប្រព័ន្ធលូរំដោះទឹកកខ្វក់ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចេញក្រៅក្រុង គាំទ្រដោយថវិកាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)អនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រុមការងារការដ្ឋានអនុវត្តគម្រោង បានប្រឹងប្រែង យកចិត្តទុកដាក់ និងព្យាយាមធ្វើឱ្យប្រសើរឡើងកន្លែងដែលបានជីកដាក់ប្រព័ន្ធលូរំដោះទឹកកខ្វក់ ដើម្បីសម្រួលដល់សកម្មភាពរស់នៅ សកម្មភាពប្រកបអាជីវកម្ម និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ននៅក្នុងក្រុង សូមមេត្តាយោគយល់ និងមានអាធ្យាស្រ័យខ្ពស់…! ៕

ដោយ ៖ សិលា


ចែករំលែក៖