ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់ពាក្យសម្ដី នាំបក្ខពួក មកព្រួតវាយ យុវជនម្នាក់របួសធ្ងន់ ចាប់បានម្នាក់ភ្លាមៗ ៤នាក់ទៀត គេចខ្លួនបាន២ខែ ចុងក្រោយជាប់ខ្នោះដដែល

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ៤នាក់ ត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ ឃាត់ខ្លួន ក្រោយនាំគ្នាព្រួតវាយ យុវជនម្នាក់បណ្តាលឱ្យរបួសធ្ងន់ ហើយរត់គេច អស់រយៈពេល២ខែ។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។ 

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានអោយដឹងថា ជនសង្ស័យទាំង០៤នាក់រួមមាន ៖ ១. ឈ្មោះ សឿន ដារ៉ា ហៅក្រៅ អឹម អាយុ៣២ឆ្នាំ។ ២. ឈ្មោះ កើត សុភ័ក្រ្ត អាយុ៣៣ឆ្នាំ។ ៣. ឈ្មោះ រឿន ឆៃ អាយុ២៩ឆ្នាំ និង ៤. ឈ្មោះ ហ៊ុន រ៉ាយុទ្ធ អាយុ២៨ឆ្នាំ។ ទាំង៤នាក់នេះ មិនមានមុខរបរពិតប្រាកដនោះទេ ពួកគេមានទីលំនៅផ្ទះជួល បន្ទប់ជួល ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

សម្ភារៈដែលសមត្ថកិច្ចដកហូតរួមមាន ៖ -កន្រ្តៃកាត់ដែកធំចំនួន០៣ដើម, -ដាវកែច្នៃចំនួន០៥ដើម, -ពូថៅចំនួន០១ដើម, -ដង្កាប់ចំនួន០៤ដើម, -សោចំនួន០៤ដើម, -មួកសុវត្ថិភាពចំនួន០២, -ម៉ាស៊ីនស្កែនប្រាក់ចំនួន០២គ្រឿង, -កាតគ្រីម៉ូតូចំនួន០៣សន្លឹក, -អត្តសញ្ញាណបណ្ណចំនួន០៣សន្លឹក, -ដែកចុងស្រួចចំនួន០១, -សោខ្សៀវចំនួន០១, -ខ្នោះដៃដែកចំនួន០១ -ស្លាកលេខ ភ្នំពេញ 1KD-5618 មួយសន្លឹក, -ម៉ូតូចំនួន០៤គ្រឿងម៉ាកGPX ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ 1JG-4899 ,ម៉ូតូ១គ្រឿងម៉ាកស្កូបពី ពណ៌ស ស្លាកលេខ បាត់ដំបង1L-9615 ,ម៉ូតូមួយគ្រឿងម៉ាក ហុងដាពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1CW-9176, ម៉ូតូមួយគ្រឿងម៉ាកហុងដា ពណ៌ខ្មៅ ភ្នំពេញ 1BN-1291។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បន្តថា ៖ កាលពីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចផ្លូវលេខ ៥១៦ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវជនរងគ្រោះបានមកឈប់ម៉ូតូ ដើម្បីចាំមិត្តភក្តិ ស្រាប់មានជនសង្ស័យម្នាក់ឈ្មោះ ហុក សេងហុង បានមកឈរមើលជនរងគ្រោះស្រាប់តែជនសង្ស័យមានទំនាស់គ្នាបានហៅបក្ខពួកឈ្មោះ សឿន ដារ៉ា ហៅអឹម ឈ្មោះ កើត សុភក្រ្ត័ និងឈ្មោះ ម៉ាប់ មកព្រួតយកដងវាយកូនហ្គោលដេញវាយលើជនរងគ្រោះបណ្តាលអោយរបួសធ្ងន់ រួចនាំគ្នាគេចខ្លួនបាត់។ ប៉ុន្តែជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួន ឈ្មោះ ហុក សេងហុង បញ្ជូនទៅកាន់ពន្ធនាគារព្រៃស ចំណែកបក្ខពួក៤នាក់ទៀត រត់គេចខ្លួន។ លុះដល់ថ្ងៃទី០១ខែសីហាឆ្នាំ២០២៤ កំលាំងជំនាញខណ្ឌបានល្បាតប្រទះឃើញជនសង្ស័យ  នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ដោយរកឃើញជនសង្ស័យចំនួន០៤នាក់និងវត្ថុតាង នាំយកទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវធ្វើការសាកសួរនិងចាត់ការតាមនីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖