ភ្នំពេញ ៖ អង្គភាពមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ គម្រោងដាក់លូប្រអប់ធំៗទទឹង២,៥ម៉ែត្រសម្រាប់ទឹកហូរ១ខ្សែមានប្រវែងសរុបជាង ១៦០០ម៉ែត្រ សម្រេចដាក់លូបានប្រមាណ ៧៥០ម៉ែត្រ (គិតជាភាគរយ៦៥%) ប្រកបដោយគុណភាព សុវត្ថិភាពការងារ និងត្រៀមចាក់បេតុងឆ្អឹងដែកឡើងវិញប្រវែងជាង១៦០០ម៉ែត្រស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
អង្គភាពមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបន្តថា ៖ គម្រោងដាក់លូប្រអប់ដ៏ធំមួយខ្សែទទឹង២,៥ម៉ែត្រសម្រាប់ទឹកហូរដ៏មានសារៈសំខាន់ ប្រវែងបណ្តាយសរុបជាង១៦០០ម៉ែត្រថ្មី និងត្រៀមចាក់បេតុងឆ្អឹងដែកឡើងវិញ កម្រាស់២តឹក ប្រកបដោយគុណភាព សុវត្ថិភាព ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ របស់សាលារាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ នៅលើកំណាត់ផ្លូវឌួង ងៀប២ ចាប់ពីកែងផ្លូវប្រឡាយបារាំង ដល់កែងផ្លូវលេខ២០០៤ គឺជាយុទ្ធសាស្ត្រការបញ្ជៀសចរាចរណ៍ រួមទាំងរំដោះការជន់លិចទឹកភ្លៀង
១. មហាវិថី គង់ សំអុល (២០០៤)
២. ផ្លូវឌួង ងៀប១
៣. មហាវិថីសហព័ន្ធរុស្សី
៤. ផ្លូវក្រវាត់ក្រុងទី២ (១០១៩)
៥. តំបន់ក្រសួងមុខងារសាធារណ
៦. តំបន់មន្ទីរគណបក្សរាជធានីភ្នំពេញ
៧. តំបន់វត្តអង្គតាមិញ
៨. តំបន់ពោធិ៍ចិនតុង ភូមិទ្រង់មាន់ ភូមិត្រពាំងល្វា និងជាពិសេសផ្លូវ២០០៤ ផ្លូវទ័ពអាកាសជាដើម ។
គិតត្រឹមថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤នេះ ជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សាលាខណ្ឌសែនសុខ បានបញ្ជាក់ថា ការងារដាក់ប្រព័ន្ធលូប្រអប់ធំថ្មី ១ខ្សែដ៏មានសារៈសំខាន់ សម្រេចបានប្រមាណជាង៧៥០ម៉ែត្រក្នុងប្រវែងសរុប១៦០០ម៉ែត្រ និងត្រៀមចាក់បេតុអារមេ៉ឆ្អឹងដែកតាមផែនការ ប្រកបដោយសុវត្ថិភាពការងារ បន្ទាប់ពីក្រុមការងារបានចុះអនុវត្តការងារកន្លងមកដើម្បីរំដោះការជន់លិចក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។
មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ រួមទាំងសាលាខណ្ឌសែនសុខ សំណូមពរដល់ប្រជាពលរដ្ឋ ពេលការដ្ឋានអនុវត្តការងារបានទៅដល់ សូមប្រជាពលរដ្ឋចូលរួមទុកដាក់សម្ភារៈផ្សេងៗអោយបានត្រឹមត្រូវ និងអ្នកធ្វើដំណើរនៅលើដងផ្លូវ ឌួង ងៀប២នេះ មេត្តាថែរក្សាអនាម័យ ទុកដាក់សំរាមអោយមានរបៀប ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីអោយបងប្អូនធ្វើដំណើរបានស្រួល និងសុវត្ថិភាពខ្ពស់ ៕ ដោយ៖ សិលា