ព័ត៌មានទាន់ហេតុការណ៍៖

បក្សកុម្មុយនិស្តវៀតណាម តែងតាំងប្រធានាធិបតីលោក To Lam ជាអគ្គលេខាធិការថ្មី

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី៣ ខែសីហា ឆ្នាំ២០២៤ បានផ្សាយថាគណបក្សកុម្មុយនិស្តនៃប្រទេសវៀតណាម បានសម្រេចប្រកាសតែងតាំងប្រធានាធិបតី លោក To Lam ជាមេដឹកនាំកំពូល ក្រោយមេដឹកនាំមុនទទួលមរណភាព កាលពី២សប្តាហ៍កន្លងទៅ។ បក្សកុម្មុយនិស្តវៀតណាម បាននិយាយក្នុងសន្និសីទសារព័ត៌មានដូច្នេះថា «នាព្រឹកនេះ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ គណៈកម្មាធិការមជ្ឈិមបក្ស បានបោះឆ្នោតជ្រើសតាំងលោក Lam ជាអគ្គលេខាធិការ នៃគណបក្សកុម្មុយនិស្តវៀតណាម»។ នៅប្រទេសវៀតណាម តំណែងអគ្គលេខាធិការបក្សកុម្មុយនិស្ត គឺជាតំណែងដែលមានអំណាចធំជាងគេបង្អស់ ក្នុងរចនាសម្ព័ន្ធថ្នាក់ដឹកនាំ ពោលគឺធំជាងប្រធានាធិបតីទៅទៀត។ យ៉ាងណាមិញ វាមិនទាន់ច្បាស់នៅឡើយទេថា តើលោក Lam នឹងបន្តកាន់តួនាទីជាប្រធានាធិបតីដដែល ទន្ទឹមគ្នាជាមួយតំណែងអគ្គលេខាធិការ ឬមួយក៏បោះបង់ចោលតំណែងជាប្រធានាធិបតី។ ការប្រកាសតែងតាំងលោក Lam ធ្វើឡើង រយៈពេល២សប្តាហ៍ បន្ទាប់ពីមរណភាពរបស់អគ្គលេខាធិការបក្សមុនគឺលោក Nguyen Phu Trong ដែលជាមេដឹកនាំវៀតណាមដ៏មានឥទ្ធិពលមួយរូប គិតក្នុងរយៈពេល ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ លោក Trong បានទទួលមរណភាពនៅរដ្ឋធានីហាណូយ ដោយសារតែវ័យចំណាស់គឺ៨០ឆ្នាំ បូករួមជាមួយស្ថានភាពជំងឺទ្រុឌទ្រោមខ្លាំង។ មួយថ្ងៃមុនលោក Trong ទទួលមរណភាព លោក Lam ត្រូវបានផ្តល់អំណាចបណ្តោះអាសន្ន ឱ្យកាន់តួនាទីជាអគ្គលេខាធិការបក្សស្តីទី៕រូបថត​: VGP

 


ចែករំលែក៖