ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើង៤នាក់ក្នុងចំណោម៥នាក់ ប្រមូលផ្ដុំនឹងសម្ងំប្រើប្រាស់គ្រឿងញៀននៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើង៤នាក់ក្នុងចំណោម៥នាក់ ប្រមូលផ្ដុំគ្នាជាច្រើនថ្ងៃនិងមានដាវសាំម៉ូរៃ នឹងសម្ងំប្រើប្រាស់គ្រឿងញៀននៅក្រុងបាវិត។

យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនសង្ស័យ ទី១ មានឈ្មោះ គង់ ចាន់ឈិនធឿន ភេទប្រុស  អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គក្ដួច ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វារៀង។

២/ឈ្មោះ លី ដាវីត  ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្ពឺកើត ឃុំស្ពឺកើត ស្រុកចម្ការលើ ខេត្តកំពង់ចាម ។

៣/ឈ្មោះ ពៅ ឈួន ភេទប្រុស  អាយុ២២ឆ្នាំ  ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ត្រពាំងធំ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។

និងទី៤/ឈ្មោះ ពៅ ឈាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ត្រពាំងធំ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។

ចំពោះវត្ថុតាងដែលដកហូតបានរួមមានសម្ភារៈមួយចំនួនដូចជា៖ កណ្ដៀវ ០១, ពូថៅដងវែង១ដើម, កាំភ្លើងកែច្នៃ១ដើម និងម៉ូតូចំនួន២គ្រឿង និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន  ។

ប្រភពបន្តថា កាលពីវេលាម៉ោង១០:៣០នាទី ថ្ងៃទី២ ខែ សីហា ឆ្នាំ២០២៤  ប៉ុស្តិ៍នគរបាលរដ្ឋបាលច្រកម្ទេស បានទទួលព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិព្រៃផ្តៅ សង្កាត់ ច្រកម្ទេស ក្រុងបាវិត​ ខេត្តស្វាយរៀង បានរាយការណ៍មកថា​ នៅដីព្រៃខាងកើតផ្ទះរបស់ខ្លួន មានក្រុមក្មេងស្ទាវជិះម៉ូតូចេញចូលរៀងរាល់ថ្ងៃទាំងយប់ទាំងថ្ងៃ និងមានបោះតង់ស្នាក់នៅអនាធិបតេយ្យ នៅចំណុចដីមានព្រៃដើមប្រេងខ្យល់ ។

ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងដីព្រៃនោះ ហើយក្រុមក្មេងៗទាំងនោះ ពេលឃើញសមត្ថកិច្ចក៏រត់គេចខ្លួន និងមានកាំភ្លើងកែច្នៃ១ដើម និងដាវសាម៉ូរ៉ៃ១ដើមនៅក្នុងតង់នោះ ។

ប្រភពបន្ថែមថា រហូតដល់វេលាម៉ោង០៨:៣០ នាទីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤  កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រកម្ទេស និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានចុះល្បាតនិងបានចូលក្នុងទីតាំងព្រៃដើមប្រេងខ្យល់នោះ ក៏ឃើញក្មេងៗមួយក្រុម ចំនួន៤នាក់។

នៅចំពោះមុខសមត្ថកិច្ចក្រុមក្មេងទំនើងទាំងនោះបានឆ្លើយសារភាពប្រហាក់ប្រហែលគ្នាថា ពួកខ្លួនមានគ្នា ចំនួន៥នាក់ បាននាំគ្នាមកបោះតង់ នឹងសម្ងំប្រើប្រាស់គ្រឿងញៀននៅទីនេះ  ចំនួន១សប្ដាហ៍មកហើយ ហើយមានកាំបិតសាំម៉ូរ៉ៃ កាំភ្លើងកែឆ្នៃ កណ្ដៀវ នៅក្នុងតង់ ពួកខ្លួនទៀត  តែជារបស់បក្សពួកឈ្មោះ ទន់ បុរិន រត់គេចខ្លួន។ 

 បច្ចប្បន្ន:សមត្ថកិច្ចកំពុងធ្វើការសួរនាំជនសង្ស័យទាំង៤នាក់ខាងលើនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖