អន្តរជាតិ ៖នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី៦ ខែសីហា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Safadi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសហ្ស៊កដានីតាមការណាត់ ដោយផ្តោតសំខាន់លើការផ្លាស់ប្តូរមតិយោបល់អំពីស្ថានការណ៍នៅមជ្ឈិមបូព៌ា។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ លោក Safadi បានថ្លែងថា សហគមន៍អន្តរជាតិត្រូវធ្វើសកម្មភាពភ្លាម ដើម្បីចៀសវាសកុំឱ្យការប៉ះទង្គិចឡើងកម្តៅ ត្រូវសម្រេចការឈប់បាញ់គ្នាក្នុងតំបន់ហ្កាហ្សាដើម្បីសម្រេចបាននូវការដែលប៉ាឡេស្ទីនកសាងប្រទេសដោយឯករាជ្យតាមយៈ “ ដំណោះស្រាយរដ្ឋពីរ “នៅទីបំផុត។ ភាគីចិនបានប្រកាន់ខ្ជាប់ជំហរយុត្តិធម៌និងសត្យានុម័តក្នុងបញ្ហាប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ហ្ស៊កដានីមានឆន្ទៈរក្សាការប្រាស្រ័យទាក់ទងជាមួយភាគីចិន រំពឹងនិងជឿជាក់ថាភាគីចិននឹងដើរតួនាទីសំខាន់ក្នុងការជំរុញការឈប់បាញ់គ្នា។
គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ លោក Wang Yi បានថ្លែងថា ភាគីចិនមានឆន្ទៈរក្សាការទាក់ទងនិងកិច្ចសម្របសម្រួលជាមួយភាគីហ្ស៊កដានី ដើម្បីរួមគ្នាជំរុញឱ្យបណ្តាភាគីពាក់ព័ន្ធផ្តោតលើសភាពការណ៍ទូទៅនៃសន្តិភាព ឈប់ធ្វើសកម្មភាពណាដែលនាំឱ្យស្ថានការណ៍ឡើងកម្តៅ និងរៀបចំការចរចាអំពីការឈប់បាញ់គ្នាឡើងវិញក្នុងពេលឆាប់ៗ។ ភាគីចិននឹងបន្តឈរយ៉ាងមុតមាំនៅជាមួយបណ្តាប្រទេសអារ៉ាប់ គាំទ្រកិច្ចខិតខំទាំងឡាយដែលមានអំណោយផលដល់ការឈប់បាញ់ដោយគ្រប់ជ្រុងជ្រោយជារៀងរហូតក្នុងតំបន់ហ្កាហ្សា ចៀសវាងកុំឱ្យការប៉ះទង្គិចឡើងកម្តៅថែមទៀត ដើម្បីជំរុញឱ្យសភាពការណ៍នៅមជ្ឈិមបូព៌ាមានភាពធូរស្រាល៕
ដោយ ៖ សិលា