ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ ថ្មីៗនេះ មានការចុះផ្សាយ ក៏ដូចជាការពិភាក្សាគ្នានៅតាមបណ្តាញសង្គមមួយចំនួនពាក់ព័ន្ធនឹងតម្លៃសេវាកម្មថត វីដេអូ និងរូបភាពរបស់អាជ្ញាធរជាតិអប្សរា ដោយបានលើកឡើងថា មានតម្លៃថ្លៃជាដើម។ ពាក់ព័ន្ធនឹង ករណីនេះ អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូនសាធារណជនទាំងអស់ មេត្តាជ្រាបដូចខាងក្រោម៖
១- តម្លៃសេវាសម្រាប់ប្រភេទអាជីវកម្ម ដែលបានកំណត់ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ គឺជាតម្លៃនៃសេវាកម្មដែលបានអនុវត្តតាំងពីអំឡុងឆ្នាំ២០១២ មកម៉្លេះ និងពុំមានការតម្លើងតម្លៃណាមួយឡើយ។ ក្នុងនោះតម្លៃមួយចំនួនទៀតសោត ក៏ត្រូវបានកែសម្រួលបន្ថយផងដែរ។
២- តម្លៃសេវាសម្រាប់ប្រភេទអាជីវកម្មនានាដែលដាក់ឱ្យអនុវត្តមានចំនួន៤ជម្រើស។ អ្នកត្រូវ ការប្រើប្រាស់សេវាអាចជ្រើសរើសយកជម្រើសណាមួយតាមតម្លៃសមរម្យ ដែលចង់បាន (សូមអានតារាងតម្លៃសេវាសាធារណៈផ្លូវការ ដែលមានក្នុងគេហទំព័រហ្វេសប៊ុកផេកផ្លូវការ របស់អាជ្ញាធរជាតិអប្សរា)។
៣- រាល់តម្លៃសេវាទាំងអស់ ត្រូវបង់ផ្ទាល់ទៅក្នុងធនាគារជាតិសាខាខេត្តសៀមរាប។
៤- អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់សាធារណជនទាំងអស់ បញ្ឈប់ការចែករំលែក ព័ត៌មានដែលផ្ទុយពីការពិត និងចូលរួមចែករំលែកនូវព័ត៌មានពិតដែលមានប្រភព ច្បាស់លាស់ ។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា