ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹងស្តីពី៖ ការដាក់ QR Code ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់បានតាម “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” នៅលើ “វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម (Certificate of Incorporation)”

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូន ធុរជន និងសាធារណជនទាំង អស់មេត្តាជ្រាបថា ក្រសួងទាំងពីរសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនូវ QR Code ស្តង់ដា នៅលើ វិញ្ញាបនបត្របញ្ជាក់ ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម (Certificate of Incorporation)” ចេញដោយក្រសួងពាណិជ្ជកម្ម ដែលអាចផ្ទៀងផ្ទាត់ បានតាម “ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ កិច្ច សហប្រតិបត្តិការរវាងក្រសួងទាំងពីរ គឺជាការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឱ្យបានទូលំទូលាយក្នុងការផ្តល់ សេវាសាធារណៈ ឱ្យកាន់តែមានភាពងាយស្រួល ល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងមុំទី១ នៃបញ្ចកោណទី៥ របស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ការដាក់ QR Code ស្តង់ដា នៅលើ “វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម (Certificate of Incorporation)” ដែលអាចផ្ទៀងផ្ទាត់បានតាម ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នឹងផ្តល់ភាពងាយស្រួលដល់ ធុរជន និងសាធារណជនទាំងអស់ ធ្វើការផ្ទៀងផ្ទាត់បញ្ជាក់ភាពត្រឹមត្រូវនៃឯកសារ ដោយគ្រាន់តែប្រើប្រាស់ម៉ាស៊ីនថតរបស់ ឧបករណ៍ឆ្លាតវៃក្នុងការស្កេន QR Code តែប៉ុណ្ណោះ។ ផ្អែកតាម មាត្រា៦ នៃអនុក្រឹត្យលេខ៥២ អនក្រ.បក ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ស្តីពីការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ឯកសារដែលដាក់បញ្ចូល QR Code ស្តង់ដា គឺអាចប្រើជាផ្លូវការបាន ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាស ឡើយ។

សូមបញ្ជាក់ផងដែរថា ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលត្រូវបានដាក់ ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្រប តាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាលនេះ ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ អាស្រ័យហេតុនេះ សូម ធុរជន និងសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖