ភ្នំពេញ ៖ ជាទម្លាប់ លោកឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការប្រឡងប្រជែង តែងតែដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា ឆ្ពោះទៅកាន់ការប្រឡង ប្រជែង មុនការប្រឡងឈានចូលមកដល់។
ជាក់ស្តែង នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ឆ្ពោះទៅកាន់ការប្រឡង ប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា (វិញ្ញាសាសរសេរលើទី២) ដែលនឹងចាប់ផ្តើមក្នុងរយៈពេល ៣ថ្ងៃទៀតតែប៉ុណ្ណោះ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដែលជាប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មការ និងអនុគណៈកម្មការការប្រឡងប្រជែង។
សូមជម្រាបថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា វិញ្ញាសាសរសេរលើកទី២ មានបេក្ខជន ៤,៣២១នាក់ មកពីទូទាំងប្រទេស ដែលត្រូវបានបែងចែកជា ២មណ្ឌល៖ មណ្ឌលទី១ សាលាភូមិន្ទរដ្ឋបាល មានបេក្ខជន ១,០០០នាក់(ស្រី ៦៥៦នាក់) និងមណ្ឌលទី២ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានបេក្ខជន ៣,៣២១នាក់(ស្រី ២,១៧១នាក់) ៕
ដោយ ៖ សិលា