ព័ត៌មានទាន់ហេតុការណ៍៖

ចុងសប្តាហ៍រំលឹកពី ! អត្ថប្រយោជន៍សំខាន់ៗចំនួនបីបានមកពីគម្រោងព្រែកជីកហ្វូណនតេជោ

ចែករំលែក៖

ភ្នំពេញ ៖ គម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា គឺជាគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ដើម្បីចូលរួមកែលម្អការគ្រប់គ្រងទឹក ការដឹកជញ្ជូន និងការអភិវឌ្ឍន៍ទីក្រុង។ គម្រោងព្រែកជីកមួយនេះស្ថិតនៅក្នុងរាជធានីភ្នំពេញ និងលាតសន្ធឹងទៅកាន់តំបន់ជុំវិញជាច្រើន ដែលត្រូវបានបង្កើតឡើងដើម្បីពង្រីកបណ្តាញផ្លូវទឹកដែលមានស្រាប់ និងកែលម្អប្រព័ន្ធលូនៅក្នុងរាជធានីភ្នំពេញ។

គោលដៅដ៏ចម្បងមួយគឺការចូលរួមកាត់បន្ថយទឹកជំនន់។ គម្រោងព្រែកជីកហ្វូណនតេជោនឹងជួយបង្វែរជំនន់ទឹកភ្លៀងឲ្យចេញពីរាជធានីភ្នំពេញនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។ គម្រោងព្រែកជីកហ្វូណនតេជោក៏មានគោលបំណងធ្វើឱ្យប្រសើរឡើងវិញនូវលំហូរទឹក ប្រកបដោយគុណភាព ធានាបាននូវការគ្រប់គ្រងទឹកដ៏ល្អប្រសើរសម្រាប់តម្រូវការកសិកម្ម និងប្រើប្រាស់នានា។ ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក ក៏ជាគោលដៅសំខាន់ចាំបាច់មួយដែរ។ គម្រោងព្រែកជីកហ្វូណនតេជោនឹងផ្តល់នូវមធ្យោបាយដឹកជញ្ជូនដ៏គួរឱ្យទុកចិត្ត ប្រកបដោយប្រសិទ្ធភាព និងចូលរួមកាត់បន្ថយការកកស្ទះចរាចរនៅលើផ្លូវគោក។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់ៗមួយចំនួនដែលគម្រោងព្រែកជីកហ្វូណនតេជោនឹងផ្តល់ឲ្យប្រទេសកម្ពុជា៖

១ អត្ថប្រយោជន៍សេដ្ឋកិច្ច

– ការទាក់ទាញការវិនិយោគ៖ តាមរយៈកំណែលម្អហេដ្ឋារចនាសម្ព័ន្ធ គម្រោងនេះត្រូវបានគេរំពឹងថានឹងទាក់ទាញការវិនិយោគក្នុងស្រុក និងបរទេស ជំរុញឱ្យមានទស្សនវិស័យសុទិដ្ឋិនិយមសម្រាប់កំណើនសេដ្ឋកិច្ចក្នុងតំបន់។

– ការបង្កើតការងារ៖ ការសាងសង់ និងថែទាំប្រឡាយនេះ ទំនងជានឹងបង្កើតការងារជាច្រើន ចូលរួមគាំទ្រដល់សេដ្ឋកិច្ចក្នុងស្រុក។

– វិស័យទេសចរណ៍៖ ការកែលម្អផ្លូវទឹកនឹងធ្វើឱ្យតំបន់ទាំងនេះកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរ ជំរុញឲ្យមានការបង្កើតអាជីវកម្មនានា។

២ ការអភិវឌ្ឍន៍ទីក្រុង

កំណើនលំនៅដ្ឋាន និងពាណិជ្ជកម្ម៖ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនឹងធ្វើអោយតំបន់ប្រជុំជនមានសភាពរស់រវើក ជំរុញដល់ភាពទាក់ទាញបន្ថែមទៀតសម្រាប់ការអភិវឌ្ឍន៍វិស័យលំនៅដ្ឋាន និងពាណិជ្ជកម្ម។

អចលនទ្រព្យ៖ ការពង្រឹងការគ្រប់គ្រងទឹកអាចរក្សាស្ថិរភាព និងបង្កើនតម្លៃដី ក៏ដូចជាតម្លៃអចលនទ្រព្យផ្សេងៗទៀតនៅក្នុងតំបន់។

៣ អត្ថប្រយោជន៍បរិស្ថាន

– ការគាំទ្រប្រព័ន្ធអេកូឡូស៊ី៖ ការផ្តោតសំខាន់របស់គម្រោងគឺការគ្រប់គ្រងទឹកឱ្យបានត្រឹមត្រូវ ដែលជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តក្នុងការគាំទ្រប្រព័ន្ធអេកូឡូស៊ីក្នុងប្រទេស។

– កាត់បន្ថយការបំពុលបរិស្ថាន៖ គម្រោងព្រែកជីកហ្វូណនតេជោអាចជួយកាត់បន្ថយការបំពុលជាច្រើន ដោយគម្រោងនេះមានភារកិច្ចគ្រប់គ្រងសំណល់ និងលំហូតទឹកប្រកបប្រសិទ្ធភាព។

គម្រោងព្រែកជីកហ្វូណនតេជោចែកចេញជាដំណាក់កាលជាច្រើន មានដូចជា ការរៀបចំផែនការ ការសាងសង់ និងការថែទាំ។ កិច្ចចូលរួមសហការវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនិងដៃគូវិស័យឯកជននានា នឹងធានាបាននូវប្រសិទ្ធភាពដ៏អស្ចារ្យនៃគម្រោងមួយនេះ។ 

សរុបសេចក្តីមក គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមដ៏ស្ញប់ស្ញែងមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងរាជធានីភ្នំពេញ  ជាមួយនឹងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនៃនសេដ្ឋកិច្ច ៕

ដោយ ៖ UPGA


ចែករំលែក៖