ខេត្តបន្ទាយមានជ័យ៖ អ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ សាលាដំបូងខេត្តបន្ទាយមានជ័យ បានចាត់ការលើសំណុំ រឿងលេខ១២៤៨ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ដែលមានជនត្រូវចោទចំនួនពីរ(០២)នាក់៖ ១.ឈ្មោះ នាង វុធថាន ភេទប្រុស កើតឆ្នាំ ១៩៩២ (អាយុ៣២ឆ្នាំ) សញ្ជាតិខ្មែរ (មានខ្លួន) ២.ឈ្មោះ នាង វុទ្ធី ភេទប្រុស កើតឆ្នាំ១៩៩៦ (អាយុ២៨ឆ្នាំ) សញ្ជាតិខ្មែរ (មានខ្លួន) ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត នឹងពីបទ៖ ប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង២៣និង៣០ នាទី ប្រព្រឹត្តនៅចំណុចភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បទ ល្មើសមានចែង និងឲ្យផ្តន្ទាទោសតាមមាត្រា ៤៩០ កថាខណ្ឌ ២ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤៥ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
អ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ សូមបញ្ជាក់ថាកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង២៣ និង៣០នាទី នៅចំណុចភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ មានជនសង្ស័យ០២នាក់ ឈ្មោះ នាង វុធថាន ភេទប្រុស អាយុ៣២ឆ្នាំ និងឈ្មោះ នាង វុទ្ធី អាយុ២៨ឆ្នាំ បានជិះម៉ូតូ០១គ្រឿង កាន់កាំបិទកែច្នៃចំនួន ០១ ដើម យកទៅដូរថ្នាំញៀន ក៏ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ហើយរាយការណ៍ជូនសមត្ថកិច្ច បន្ទាប់មកក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ ក្រោយការសាកសួរ ឈ្មោះ នាង វុធថាន និងឈ្មោះ នាង វុទ្ធី បានឆ្លើយថាពួកខ្លួនពិតជាបានជិះម៉ូតូកាន់កាំបិទកែច្នៃយកទៅដូរថ្នាំញៀន ប្រាកដមែន។ ហើយឈ្មោះ នាង វុធថាន និងឈ្មោះ នាង វុទ្ធី ក៏ជាអ្នកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀនផងដែរ។
បន្ទាប់ពីបានធ្វើនីតិវិធីលើជនត្រូវចោទខាងលើ និងបានពិនិត្យភស្តុតាងក្នុងសំណុំរឿង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៖ ១២១៨, ១២១៩ ព្រ.ទ “ដៗ២៤ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ លើឈ្មោះ នាង វុធថាន និងឈ្មោះ នាង វុទ្ធី ដើម្បីយកមកចាត់ការបន្តតាម នីតិវិធីច្បាប់៕
ដោយ៖ តារា