ព័ត៌មានទាន់ហេតុការណ៍៖

កូនស្រីរបស់លោកថាក់ស៊ីនបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃ

ចែករំលែក៖

លោកស្រី Paetongtarn Shinawatra អាយុ 37 ឆ្នាំ ជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទទួលសំឡេងភាគច្រើនពីសមាជិកសភាចំនួន 493 ដើម្បីក្លាយជាមេដឹកនាំក្មេងជាងគេក្នុងប្រវត្តិសាស្ត្រថៃ។

បន្ទាប់ពីតុលាការធម្មនុញ្ញបណ្តេញអតីតនាយករដ្ឋមន្ត្រីលោក ស្រេថាថាវីស៊ីន សម្រាប់ការតែងតាំងបុគ្គលដែលមានប្រវត្តិបទឧក្រិដ្ឋ ទៅកាន់តំណែងគណៈរដ្ឋមន្ត្រីនោះ សម័យប្រជុំពិសេសរបស់សភាដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីបានធ្វើឡើងនៅថ្ងៃនេះ (១៦/៨/២០២៤)។

នៅពេលនេះ សមាជិកព្រឹទ្ធសភាមិនត្រូវបានអនុញ្ញាតឱ្យបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទៀតទេ។ បច្ចុប្បន្ននេះ មានសមាជិកសភាចំនួន ៤៩៣រូប ចូលរួមសម័យប្រជុំសភាពិសេស ដូច្នេះបេក្ខជនម្នាក់ត្រូវតែឈ្នះយ៉ាងតិច ២៤៧សំឡេង ដើម្បីក្លាយជានាយករដ្ឋមន្ត្រី។

ការបោះឆ្នោតជ្រើសតាំងនេះធ្វើឡើងក្នុងសំឡេងគាំទ្រ ៣១៩ ប្រឆាំង១៤៥ និងអនុបវាទ ២៧ ហើយសំឡេងគាំទ្រនេះ លើសពីសំឡេង២៤៧ដែលអ្នកស្រី ផែថោងថាន ត្រូវការដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រី។ បន្ថែមពីលើនេះ ការតែងតាំងនេះដែរបានឱ្យអ្នកស្រី ផែថោងថាន មានអាយុ ៣៧ឆ្នាំ បានក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ថៃ និងជានាយករដ្ឋមន្ត្រីទី៣១ នៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ មិនតែប៉ុណ្ណោះ អ្នកស្រីក៏បានក្លាយជានាយករដ្ឋមន្ត្រីជាស្ត្រីទី២របស់ថៃ បន្ទាប់ពីលោកស្រី Yingluck ផងដែរ ហើយថែមទាំងជានាយករដ្ឋមន្ត្រីទី៤ ដែលមកពីគ្រួសារ Shinawatra បន្ទាប់ពីលោក Thaksin លោកស្រី Yingluck និងលោក Somchai Wongsawat ដែលត្រូវជាពូសាច់ថ្លៃរបស់អ្នកស្រី Paetongtarn។

សម្ព័ន្ធគណបក្សទាំង១១ ដឹកនាំដោយគណបក្សភឿថៃ (Pheu Thai) បានប្រកាសជ្រើសរើសអ្នកស្រី ផែថោងថាន ជាបេក្ខជននាយករដ្ឋមន្រ្តីថ្មីរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បន្ទាប់ពីលោក សេដ្ឋា ថាវីស៉ីន (Srettha Thavisin) ត្រូវបានតុលាការធម្មនុញ្ញសម្រេចដកតំណែងជានាយករដ្ឋមន្រ្តី។ តាមសាលក្រមតុលាការធម្មនុញ្ញថៃ លោក សេដ្ឋា ត្រូវបានដកចេញពីតំណែងនាយករដ្ឋមន្ត្រី ដោយសារតែលោកបានបំពានក្រមសីលធម៌ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងមិនមានភាពស្មោះត្រង់ពាក់ព័ន្ធនឹងការតែងតាំងរដ្ឋមន្ត្រីម្នាក់ដែលធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ។

កើតនៅឆ្នាំ១៩៨៦ អ្នកស្រី ផែថោងថាន ស៊ីនណាវ៉ាត់ (Paetongtarn Shinawatra) គឺជាកូនស្រីពៅ នៅក្នុងចំណោមកូន ៣នាក់របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ។ អ្នកស្រី បានបញ្ចប់ការសិក្សាបរិញ្ញាប័ត្រវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn University) មុននឹងបន្តហើយបញ្ចប់ការសិក្សាអនុបណ្ឌិតផ្នែកគ្រប់គ្រងសណ្ឋារគារ អន្តរជាតិ មកពីសាកលវិទ្យាល័យ Surrey (Surrey University) មានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស។ អ្នកស្រី ផែថោងថាន ដែលមានឈ្មោះហៅក្រៅ Ung-Ing ត្រូវបានគេចាត់ទុកជាសហគ្រិន ជាស្ត្រីដ៏ជោគជ័យម្នាក់។ ក្រោយបញ្ចប់ការសិក្សានៅអង់គ្លេស អ្នកស្រីបានត្រឡប់មកជួយដឹកនាំកិច្ចការរកស៊ីរបស់គ្រួសារ។

អ្នកស្រីបានក្លាយជាម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុន SC Asset Corporation Public Company Limited និងជាក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Thaicom Foundation។ អ្នកស្រីក៏មាន ភាគហ៊ុននៅក្នុងក្រុមហ៊ុនមួយចំនួនទៀត ក្នុងនោះរួមមានសណ្ឋាគារ Rosewood Bangkok Hotel, Thames Valley Khao Yai និង The Sisters Nails ហើយគិតជាសរុបអ្នកស្រីមានភាគហ៊ុន នៅក្នុងក្រុមហ៊ុនចំនួន២១។

អ្នកស្រី ផែថោងថាន បានប្រឡូកចូលនយោបាយជាផ្លូវការក្នុងអាយុ៣៦ឆ្នាំ និងត្រូវបានតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ សម្រាប់ការបោះឆ្នោតសកលកាលពីឆ្នាំ២០២៣ ហើយបានក្លាយជាមេដឹកនាំគណបក្សមួយនេះកាលពីខែតុលា ឆ្នាំ២០២៣។ អ្នកស្រីគឺជាកូនស្រីពៅរបស់លោក ថាក់ស៊ីន ជាមួយលោកស្រី Khunying Potjaman Damapong។ អ្នកស្រី ផែថោងថាន បានរៀបការជាមួយលោក Pidok Sooksawas ជាពីឡុតបើកយន្ដហោះអាកាសចរណ៍ស៊ីវិល និងមានកូន២នាក់៕ ដោយធីរីណា

រូបថត:DTTCO


ចែករំលែក៖