ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង ខណៈបើកម៉ូតូតាមផ្លូវត្រូវរថយន្តមិនចាំស្លាកលេខបុកពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៩:៣០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ២០១១ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សាន ស៊ាន ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរជាកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅក្បែរកន្លែងកេីតហេតុ មានស្រុកកំណេីតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូហុងដាឌ្រីមមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1K-8531 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូង ខណៈធ្វើដំណើរមកដល់កែងផ្លូវលេខ២០១១ក៏បត់ស្ដាំ ស្រាប់តែមានរថយន្តតូយ៉ូតាព្រូសមួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចមកបុកពេញទំហឹង បណ្តាលឱ្យម៉ូតូដួលបោកផ្ទប់ទៅនឹងបង្គោលស្លាកយីហោ ចំណែកអ្នកបើកបរបោកផ្ទប់នឹងថ្នល់ហូរឈាមស្រោចខ្លួនស្លាប់នៅនឹងកន្លែង ក្រោយកើតហេតុ អ្នកបើកបររថយន្តព្យាយាមបើករត់គេចបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកើតហេតុ ហើយធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសាររួមជាមួយម៉ូតូយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជ្រោយពេជ្រ