ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរតនសោភ័ណ ម៉ន បឿន៖ សម្តេចតេជោ ហ៊ុន សែន គឺជាទេវតាពិតប្រាកដដែលបានជួយនិងកំពុងតែជួយទឹកដីកម្ពុជា និងប្រជាពលរដ្ឋខ្មែរ 

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដែលមានឈ្មោះថា «វត្តចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ» បានឱ្យដឹងថា ព្រះរតនសោភ័ណ ម៉ន បឿន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះវិន័យធរគណខេត្តកំពង់ស្ពឺ បានមានសង្ឃដីកាថា សម្តេចតេជោ ហ៊ុន សែន គឺជាទេវតាពិតប្រាកដ ដែលបានជួយនិងកំពុងតែជួយទឹកដីកម្ពុជា និងប្រជាពលរដ្ឋ និយាយរួមគឺជាទេវតាដែលជួយដល់ ជាតិ សាសនា ព្រះមហាក្សត្រ។

ព្រះរតនសោភ័ណ ម៉ន បឿន បានមានសង្ឃដីកាបន្ថែមថា សម្តេចតេជោ ហ៊ុន សែន គឺជាអ្នកដែលការពារប្រទេសជាតិឱ្យមានសុខសន្តិភាព និងជាអ្នកដែលបានជួយសង្រ្គោះអាយុជីវិត ប្រគេនដល់ព្រះគុណម្ចាស់គ្រប់ព្រះអង្គ និងដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់ សង្រ្គោះរំដោះជីវិតប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ខ្មៅងងឹត ហើយលើសពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏ជាអ្នកដែលបានជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋខ្មែរពីគ្រោះថ្នាក់ដោយសារជំងឺកូវីដ-១៩ ជួយប្រឹងប្រែងខ្នះខ្នែងស្វែងរកវ៉ាក់សាំងការពារអាយុជីវិតប្រជាជន។

ព្រះរតនសោភ័ណ ម៉ន បឿន ក៏បានមានសង្ឃដីកាបន្ថែមថា ក្នុងនាមជាព្រះសង្ឃដែលជាអ្នកទ្រទ្រង់នូវសីលាទិគុណ ជាអ្នកដែលឃើញនូវសច្ចៈធម៌ ជាអ្នកតបគុណ ជាអ្នកដែលដើរមុខគេនៅក្នុងធម៌កតញ្ញូកតវេទី សុំពិចារណាឡើងវិញនូវមជ្ឈិមាបដិបទាផ្លូវកណ្តាល ដោយធ្វើការគិតឱ្យបានត្រឹមត្រូវ ពិចារណាឱ្យត្រូវ និយាយឱ្យត្រូវកុំនិយាយឱ្យខុសពីការពិត។ ព្រះរតនសោភ័ណ ម៉ន បឿន ក៏បានអំពាវនាវឱ្យព្រះសង្ឃគ្រប់ព្រះអង្គ ជនរួមជាតិទាំងអស់ ជឿជាក់លើរាជរដ្ឋាភិបាល នៅក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖