ភ្នំពេញ៖ មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ខេត្តកណ្ដល និងខេត្តមណ្ឌលគិរី បន្តការចុះផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញតិ្ត ព្រមទាំងត្រួតពិនិត្យគុណភាពទំនិញដើម្បីធានាការពារសុខុមាលភាពអ្នកប្រើប្រាស់និងបន្តចុះត្រួតពិនិត្យទំនិញដែលជាគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទដែលលបម្រើនូវសេចក្ដីត្រូវការរបស់អ្នកប្រើប្រាស់។
ជាក់ស្ដែងមន្រ្តីជំនាញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានធ្វើការត្រួតពិនិត្យលើមុខទំនិញប្រមាណជាង ៣៧មុខដូចជា៖ ទឹកម្ទេស ទឹកត្រីដប មីកញ្ចប់ គុយទាវ ប៊ីចេង ត្រីខ ភេសជ្ជៈកំប៉ុង គ្រឿងផ្អាប់ ។ល។ និងតេស្តលើសំណាកគំរូចំនួន ៨មុខដែលជាទំនិញមានហានិភ័យខ្ពស់ ជាលទ្ធផលទំនិញទាំងនោះមានសុវត្ថិភាព ពោលគឺអនុលោមភាពសម្រាប់អ្នកប្រើប្រាស់។
ជាមួយគ្នានេះ មន្រ្តីជំនាញបានផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញតិ្តពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារជូនអាជីវករដែលលក់ដូរក្នុងផ្សារ និងតាមផ្ទះអំពីសុវត្ថិភាពម្ហូបអាហារ ធ្វើយ៉ាងណាត្រូវលក់តែទំនិញ និងម្ហូបអាហារដែលមានគុណភាព ពុំមានសារធាតុគីមីហាមឃាត់ និងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕
ដោយ៖ តារា