ភ្នំពេញ ៖ ក្រសួងព្រះបរមរាជវាំង ប្រកាសបដិសេធចំពោះបុគ្គលម្ចាស់គណនី TIK TOK មានឈ្មោះថា នរោត្តម សូរិយាពង្ស និង សុីសុវត្ថិ សំណាក់វង្ស ដែលបានបង្ហោះចែកចាយប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ដោយអះអាងជា ព្រះអនុជ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ។
បុគ្គលនេះមិនមែនជាសែស្រឡាយព្រះរាជវង្សានុវង្ស ដែលទទួលស្គាល់ដោយក្រសួងព្រះបរមរាជវាំងឡើយ។
ក្រសួងព្រះបរមរាជវាំង សូមប្រកាសបដិសេធចំពោះបុគ្គលជាម្ចាស់គណនី Tik Tok មានឈ្មោះ ថា នរោត្តម សូរិយាវង្ស និង ស៊ីសុវត្ថិ សីណាក់វង្ស ដែលបានបង្ហោះចែកចាយក្នុងប្រព័ន្ធបណ្តាញទំនាក់ ទំនងសង្គម ហើយប្រកាសអះអាងខ្លួនជាអនុជរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ បុគ្គលខាងលើ មិនមែនជាសែស្រឡាយព្រះរាជវង្សានុវង្សដែលទទួលស្គាល់ ដោយព្រះបរមរាជវាំងឡើយ ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះអនុជ បង្កើតតែមួយព្រះអង្គគត់ គឺ សម្តេច នរោត្តម នរិន្ទ្រពង្ស ដែលបានយាងចូលព្រះទិវង្គតតាំងពី ឆ្នាំ២០០៣ មកម៉្លេះ ។
ក្រសួងព្រះបរមរាជវាំង មានកិត្តិយស សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា មានតែ វេបសាយ(website)ចំនួន ២ប៉ុណ្ណោះ ដែលបានប្រើប្រាស់ជាផ្លូវការៈ
១- www.norodomsihamoni.org/ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
២- www.norodomsihanouk.info/ របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
ក្រៅពីវេបសាយ(website) ទាំង២ខាងលើនេះ ពុំមានប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមជាផ្លូវការ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហា ក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរបស់ក្រសួងព្រះបរមរាជវាំង ឡើយ ។
ក្រសួងព្រះបរមរាជវាំង សូមអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់ វិធានការជាបន្ទាន់ឱ្យបានម៉ឺងម៉ាត់បំផុត តាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ ៖ សិលា