ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល ៧ខែឆ្នាំនេះកម្ពុជា ទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស មានតម្លៃទឹកប្រាក់ជិត ២ពាន់លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា អាណិតទី ៧ នេះបានបង្ហាញភាពលេចធ្លោក្នុងការទាក់ទាញលំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) មានអត្រាកំណើនដ៏ខ្ពស់មួយក្នុងពិភពលោក បន្ទាប់ពីប្រទេសនេះ សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសមានសក្តានុពលសេដ្ឋកិច្ចមួយចំនួន និងផ្គួបផ្សំប្រសិទ្ធភាពនៃការដាក់ចេញគោលនយោបាយរបស់ខ្លួន បើទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោក នៅតែស្ថិតក្នុងភាពស្មុគ ស្មាញ ពិបាកប៉ាន់ស្មាន ដែលបង្កឡើងដោយបញ្ហាសង្គ្រាម ភាពតានតឹងភូមិសាស្ត្រនយោបាយ គោល នយោបាយរឹតត្បិតរូបិយវត្ថុរបស់ប្រទេសសេដ្ឋកិច្ចធំៗ និងការប្រែប្រួលអាកាសធាតុក៏ដោយ។

ទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ប្រទេសកម្ពុជា បានទាក់ទាញលំហូរទុន​វិនិយោគ ផ្ទាល់ពីបរទេស ក្នុងទំហំទឹកប្រាក់ ១៩៩៥លានដុល្លារអាម៉េរិក នៅក្នុងរយៈពេល ៧ខែ ឆ្នាំ ២០២៤នេះ ដែលភាគច្រើនត្រូវបានគ្របដណ្តប់ដោយទុនវិនិយោគពីប្រទេសចិន។

របាយការណ៍ដដែលនេះ បានឲ្យដឹងទៀតថា នៅក្នុង រយៈពេល ៧ខែឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត​លើគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុបចំនួន ២៣៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣៦០០លានដុល្លារអាម៉េរិក។ តួលេខនៃទំហំទុននេះ គឺមានកំណើនយ៉ាងគំហុក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គួរបញ្ជាក់ដែរថា លំហូរវិនិយោគផ្ទាល់ពីបរទេស នៅប្រទេសកម្ពុជា ក្នុងរយៈពេល ៧ខែ ឆ្នាំ ២០២៤នេះ មានប្រភពមកពី ១៤ប្រទេស ក្នុងនោះប្រទេសចិនឈរនៅចំណាត់ថ្នាក់ទី១ ដែលមានទុនវិនិយោគ ប្រមាណ ១៦៣៤លានដុល្លារអាម៉េរិក តាមពីក្រោយដោយសិង្ហបុរី ប្រមាណ ១០៣លានដុល្លារអាម៉េរិក, វៀតណាម ប្រមាណជាង ៦៤លានដុល្លារអាម៉េរិក និងទឹកប្រាក់ដែលនៅសេសសល់ មានមកពី ឥណ្ឌា, កូរ៉េខាងត្បូង, សីស្ហែល, សហរដ្ឋអាម៉េរិក, ម៉ាឡេស៊ី, អូស្ត្រាលី, សេណេហ្គាល់, កាណាដា, ខេមែន អាយលែន, ជប៉ុន និងហ្វីលីពីន៕

ដោយ៖ សូរិយា


ចែករំលែក៖