អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោកស៊ីជីនភីងខិតខំផ្សះផ្សារលុបបំបាត់ភាពខុសគ្នារវាងកុមារក្រុងប៉េកាំង និងកុមារនៅក្នុងភូមិ ហើយនេះគឺជាការផ្លាស់ប្តូរទាំងស្រុងមួយ។ សម្រាប់លោកស៊ីជីនភីង អ្វីដែលមិនអាចទ្រាំទ្របានបំផុត និងគួរឱ្យធុញទ្រាន់បំផុតអំពីភូមិលាំងជាហឺ គឺចៃឆ្កែ។ ប្រជាជននៅភាគខាងជើងខេត្តស្រាន់ស៊ីហៅវាថា”ឈីចាវ”។ ស្បែករបស់លោកស៊ីជីនភីងមានប្រតិកម្មអាលាក់ស៊ី បើត្រូវចៃឆ្កែខាំហើយអេះភ្លាម នឹងឡើងស្នាមជាំក្រហម។ ស្បែកគាត់កាន់តែអេះកាន់តែរមាស់ និងឈឺចាប់ខ្លាំង។ លោកស៊ីឈុនយ៉ាងធ្វើពលកម្មជាមួយលោកស៊ីជីនភីងនៅកាលនោះ បានក្រឡេកឃើញស្នាមខាំដោយចៃឆ្កែលើខ្លួនរបស់លោកស៊ីជីនភីង នៅពេលលោកស៊ីនជីនភីងមូរជើងខោឡើង។ កំភួនជើងរបស់លោកពោរពេញដោយស្នាមចៃខាំឡើងហើមជាំក្រហម។ ស្នាមខ្លះទើបតែឡើងថ្មីៗ ខ្លះទៀតទើបតែត្រូវអេះដាច់ មានឈាមហូរចេញមកខាងក្រៅ…។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ លោកស៊ីជីនភីង និងមិត្តសម្លាញ់ ស្វែងរកវិធីផ្សេងៗដើម្បីដោះស្រាយបញ្ហាចៃឆ្កែ។ ពួកគេប្រោះម្សៅសម្លាប់សត្វល្អិតលើគ្រែធ្វើពីដី និងអង្រួនខោរបស់ពួកគេមុនចូលក្នុងបន្ទប់។ ពេលខ្លះពួកគេដាំទឹកពុះដើម្បីសម្លាប់ចៃឆ្កែលើសម្លៀកបំពាក់ថែមទៀត។ យ៉ាងណាមិញ ពីរឆ្នាំក្រោយមក លោកស៊ីជីនភីងបានស៊ាំទៅហើយ មិនថាចៃឆ្កែខាំយ៉ាងណាក៏ដោយ ក៏លោកអាចសម្រាន្តលង់លក់បានដែរ។
លោកក៏មិនសូវទម្លាប់នឹងបង្គន់ដែរ។ បង្គន់នៅជនបទសាមញ្ញណាស់ គឺគ្រាន់តែជីករណ្តៅនៅជ្រុងខាងក្រៅនៃរូងភ្នំ ហើយយកផ្ទាំងថ្មមកបាំងជុំវិញ។ បង្គន់មានភាពកខ្វក់និងមានក្លិនស្អុយ។ ពេលបត់ជើងនៅរដូវរងា ខ្យល់ចេញចូលគ្រប់ទិសទី រងាញ័រទទ្រើត។ ពេលនៅរដូវក្តៅវិញ មូសនិងរុយហើរជុំទិស ហើយក្លិនស្អុយខ្លាំងធ្វើឱ្យថប់ដង្ហើម។ ហេតុនេះធ្វើឱ្យការទៅបង្គន់ក្លាយជារឿងមួយគួរឱ្យភ័យខ្លាច។ លោកតៃមីង ដែលរួមគ្នាចុះរស់នៅភូមិលាំងជាហឺ ជាមួយលោកស៊ីជីនភីង បានរំឭកថា “ក្រោយមក មនុស្សគ្រប់គ្នាបានបង្កើតទំលាប់ចូលបង្គន់ឆាប់ចូលឆាប់ចេញ ។
គេហទំព័រ «CCFR China state-controlled media » លើកឡើងថា ៖ នៅទីជនបទគ្មានលក្ខខណ្ឌសម្រាប់ងូតទឹកបានឡើយ។ ពេលអាកាសធាតុត្រជាក់ គេដាំទឹកក្តៅ ជ្រលក់កន្លែងហើយជូតខ្លួន។ ពេលអាកាសធាតុក្ដៅហើយ មនុស្សគ្រប់គ្នានឹងទៅងូតទឹកនៅក្បែរស្ទឹង។ ទោះបីជាពួកគេបានស្លៀកខោហែលទឹកក៏ដោយ ក៏អ្នកភូមិនៅតែសើចចំអក ថាធំហើយនៅអាក្រាតគូថកណ្ដាលវាលទៀត។ ក្រោយមក ពួកគេក៏លែងងូតទឹកបែបនេះតទៅទៀត។
ការដុសធ្មេញរបស់ពួកគេក៏ស្ទើរតែក្លាយជារឿងកំប្លែងដែរ។ ដោយសារអ្នកភូមិមិនដែលដឹងពីការដុសធ្មេញ បានជាពេលពួកគេឃើញយុវជនដែលមានចំណេះដឹងដុសធ្មេញនៅពេលព្រឹក ក៏នាំគ្នានិយាយថា ក្រុមយុវជនដែលមានចំណេះដឹងទាំងនេះមិនដឹងថាកើតអីទេ បែកពពុះមាត់ទាំងព្រឹកព្រលឹមតែម្ដង។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ នៅក្នុងភ្នែករបស់សៀងវឹនអ៊ីង លោកស៊ីជីនភីង គឺជា “ក្មេងជំទង់មិនសូវមាត់ក ឈរនៅមុខមាត់ទ្វារ ដៃកាន់សៀវភៅអាន”។ សៀងវឹនអ៊ីងមកពីសាលាវិទ្យាល័យ ៥៧ ក្រុងប៉េកាំង។ គាត់បានចុះមករស់នៅភូមិកាវជាភីងនៃឃុំវិនអានយី។ ជាធម្មតាលោកស៊ីជីនភីងឧស្សាហ៍មកទីនេះ ដើម្បីរកមិត្តយុវជនដែលមានចំណេះដឹងរបស់គាត់។ លោកតៃមីងបាននិយាយថា លោកស៊ីជីនភីងមិនដែលត្អូញត្អែរទេ ហើយពិតជាមុតមាំណាស់។ ក្នុងភ្នែករបស់អ្នកភូមិ លោកស៊ីជីនភីងមានចំណេះដឹងច្រើន អត្តចរិតងាយរាប់រក។ ពេលនិយាយមិនអភិរក្សនិយមពេក និងមិនជ្រុលនិយមហួស គឺស្មោះត្រង់ណាស់។
គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ លោកស៊ីជីនភីងមិនមាន “បែបបទទីក្រុង” ដែលធ្វើឱ្យគេមានអារម្មណ៍ថានៅឆ្ងាយដាច់ពីគ្នាឡើយ។
ឪពុកក្មេករបស់លោកចាងវៃផាង គឺលោកចាងគុយលីនដែលជាអ្នកបដិវត្តចាស់។ សាខាបក្សភូមិលាំងជាហឺត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៣៥។ វាជាសាខាជនបទមួយក្នុងចំណោមសាខា ដែលត្រូវបានបង្កើតឡើងមុនគេនៅស្រុកយានឈួនក្នុងអំឡុងពេលបដិវត្តន៍។ លោកចាងគុយលីនបានបម្រើការជាលេខាធិការនៃសាខានេះពីឆ្នាំ ១៩៣៦ រហូតដល់ឆ្នាំ ១៩៦០ ។ បន្ទាប់ពីលោកស៊ីជីនភីងទៅរស់នៅភូមិលាំងជាហឺមិនជាយូរប៉ុន្មាន ម្ដាយរបស់លោកចាងគុយលីនក៏បានទទួលមរណភាព។ ម្តាយរូបនេះបានគាំទ្រកូនប្រុសចូលរួមបដិវត្តន៍ ដូចនេះគាត់គឺជាម្តាយរបស់វីរជន។ លោកស៊ីជីនភីងបានទៅគោរពវិញ្ញាណក្ខន្ធ និងឱនគោរពចំនួនបីដង នៅចំពោះមុខសព ដើម្បីសម្តែងភារវកិច្ចចំពោះគាត់។
នៅក្នុងភូមិនេះក៏មានអតីតយុទ្ធជន២ នាក់ដែរ គឺម្នាក់ឈ្មោះស៊ឺយូពីន ម្នាក់ទៀតឈ្មោះ ចាងហ្ស៊ីហ្សុង។ អ្នកទាំងពីរបានចូលរួមការប្រយុទ្ធដើម្បីរំដោះតំបន់ភាគពាយព្យ។ លោកស៊ឺយូពីនបាននិយាយថា មានមួយលើក ពួកគេត្រៀមចូលរួមការវាយឆ្មក់នៅតំបន់ស៊ីពៅ គឺលោកស៊ីចុងសួនជាអ្នកធ្វើការលើកទឹកចិត្តមុនសង្គ្រាមដល់ពួកគេ។ លោកស៊ីជីនភីងគោរពមនុស្សវ័យចំណាស់ទាំងនេះណាស់ ហើយតែងតែទៅសួរសុខទុក្ខពួកគេជាញឹកញាប់។
គេហទំព័រ «CCFR China state-controlled media » នៅភូមិលាំងជាហឺមានក្មេងម្នាក់ឈ្មោះ លីងវ៉ា ជាកូនប្រុសរបស់អ៊ូយូហ្វា ប្រធានក្រុមហេដ្ឋារចនាសម្ព័ន្ធ។ លីងវ៉ាមានភាពទន់ជ្រាយនិងខ្សោយសតិ មិនដឹងពីជម្រៅនៃការនិយាយ ធ្វើការដោយពាយងាយ ប៉ុន្តែមានកម្លាំងធ្វើពលកម្ម។ អ្នកភូមិបានចាត់ទុកគាត់ជា មនុស្សរីករាយ ហើយឧស្សាហ៍ធ្វើលេងជាមួយគាត់។ ពេលខ្លះ លីងវ៉ាធ្វើឱ្យគេខឹង និង ត្រូវគេវាយថែមទៀត។ ម្ដាយលីងវ៉ាស្រឡាញ់អាណិតកូនរបស់ខ្លួន ក៏តែងតែឈ្លោះប្រកែកជាមួយអ្នករករឿងកូនគាត់។
បន្ទាប់ពីយុវជនដែលមានចំណេះដឹង ត្រូវបានដាក់បញ្ចូលទៅក្នុងក្រុមហេដ្ឋារចនាសម្ព័ន្ធ លោកយូហ្វា និងម្តាយលីងវ៉ាបារម្ភជាខ្លាំង។ យុវជនទាំងនោះ គឺមកពីរដ្ឋធានី បើលីងវ៉ាបង្ករឿងអ្វីនោះ តើត្រូវធ្វើយ៉ាងដូចម្ត៉េច? ពួកគេព្រួយបារម្ភថាលីងវ៉ានឹងមានជម្លោះជាមួយយុវជនដែលមានចំណេះដឹង។ នៅពេលធ្វើពលកម្ម ម្តាយលីងវ៉ាក៏នៅជាមួយលីងវ៉ាដែរ ប៉ុន្តែប្រាកដជាមានពេលភ្លេចខ្លួនណាមួយជាក់ជាមិនខាន។
យុវជនដែលមានចំណេះដឹងដូចជាស៊ីជីនភីងជាដើម សុទ្ធតែជក់បារី។ ពេលឈប់សម្រាកពីពលកម្ម ពួកគេនឹងមូរបារីមួយដើមៗ។ ពេលខ្លះ លោកស៊ីជីនភីងមូរបារីរួច ទើបតែដាក់ចូលក្នុងមាត់ ក៏ត្រូវបានលីងវ៉ាស្ទុះមកដណ្ដើមយកទៅ ច្របាច់ឡើងខ្ទេច រួចក៏បោះចោល។ រឿងបែបនេះកើតឡើងម្តងហើយម្តងទៀត ប៉ុន្តែគ្មាននរណាម្នាក់បានឃើញលោកស៊ីជីនភីងខឹងឡើយ។ អ្នកភូមិឃើញបែបនេះក៏និយាយថា “ជីនភីងមានចិត្តមេត្តា”។
ក្នុងឆ្នាំ ១៩៩៣ នៅពេលដែលលោកស៊ីជីនភីងត្រឡប់ទៅភូមិលាំងជាហឺ ដើម្បីសួរសុខទុក្ខអ្នកភូមិ លោកបានសួរយ៉ាងចំៗអំពីលីងវ៉ាតែម្ដង។ ក្រោយពីដឹងថា ឪពុកម្តាយរបស់លីងវ៉ាបានចែកឋានទៅ លីងវ៉ាក៏ចូលស្នាក់នៅក្នុងផ្ទះថែទាំមនុស្សចាស់ លោកស៊ីជីនភីងបានយកប្រាក់ចំនួន ៥០០ យ័ន ឱ្យលោកវូហុយផ្ទេរទៅឱ្យលីងវ៉ា។
លោកស៊ីជីនភីងដែលគ្មាន “បែបបទទីក្រុង” បានរាប់អានស្គាល់មនុស្សវ័យក្មេងៗក្នុងភូមិបានយ៉ាងឆាប់រហ័ស។ លោកបានយកស្បែកជើងរបស់ខ្លួនប្រគល់ឱ្យមិត្តសម្លាញ់មកពីគ្រួសារក្រីក្រ ហើយពេលខ្លះលោកធ្វើការជាជាងកាត់សក់ កាត់សក់ឱ្យយុវជនក្នុងភូមិ។ ហើយមួយរយៈពេលនោះគាត់ក៏បានធ្វើការជាគ្រូហែលទឹក បង្រៀនយុវជនដែលចេះតែហែលទឹក”ក្បាច់ឆ្កែ” ឱ្យចេះវិធីហែលទឹក”ក្បាច់កង្កែប”។ លោកវ៉ាងស៊ានពីង ដែលជាយុវជនមានចំណេះដឹងវិលត្រឡប់ទៅភូមិវិញ និងអ្នកភូមិស៊ីឈុនយ៉ាងដូចជា វូហួយ និងចាំងវ៉ីផាងជាដើម សុទ្ធតែក្លាយទៅជាមិត្តភ័ក្តិ និងដៃគូរបស់លោកស៊ីជីនភីង ទោះបីជាពួកគេទាំងអស់គ្នាដឹងថា ឪពុករបស់ស៊ីជីនភីង”បានធ្វើខុស” ហើយលោកគឺជា“ ក្មេងទំនើង”ក៏ដោយ។
ទំនាក់ទំនងជាមួយលោកស៊ីជីនភីងបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជម្រើសជីវិតរបស់ដៃគូរបស់គាត់ទាំងអស់នេះ។ លោកវូហួយមានទំនាក់ទំនងច្រើនជាមួយលោកស៊ីជីនភីង ក្រោយមកក្លាយជាគ្រូបង្រៀន។ លោកស៊ីឈុនយ៉ាង បានស្នងតំណែងលោកស៊ីជីនភីងធ្វើជាលេខាសាខាបក្សនៃភូមិលាំងជាហឺ នៅពេលដែលលោកស៊ីជីនពីងបានចាកចេញពីទីនោះ។
លោកស្រីវ៉ាងឈុយយូដែលជាយុវជនមានចំណេះដឹងមកពីទីក្រុងប៉េកាំង រស់នៅក្រុមផលិតកម្មទី១នៃភូមិលាំងជាហឺបានវាយតម្លៃលោកស៊ីជីនភីងដូច្នេះថា “ក្នុងភ្នែកលោកស៊ីជីនភីង មិនមានអ្វីខ្ពស់ឬទាបនោះទេ មិនមានគោរពអ្នកនេះមើលងាយអ្នកនោះឡើយ។ លោកតែងតែញញឹមនៅពេលនិយាយជាមួយអ្នកដទៃ ហើយតែងតែមានចិត្តសប្បុរសជានិច្ច។ នេះគឺកម្រមានណាស់! ”
អ្នកភូមិបានទទួលយកក្មេងមកពីទីក្រុងប៉េកាំងនេះ ហើយលោកស៊ីជីនភីងបានក្លាយជាច្រកចេញមួយ និងកែវភ្នែកមួយគូរបស់អ្នកភូមិសម្រាប់ស្វែងយល់ពីពិភពខាងក្រៅ ៕
ដោយ ៖ សិលា