ភ្នំពេញ ៖ កីឡាករគុនខ្មែរល្បីឈ្មោះពីររូបត្រូវរថយន្តមួយគ្រឿងបើកបុកពីក្រោយបណ្ដាលឱ្យរងរបួសធ្ងន់។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី ២៦ ខែសីហានេះ ស្ថិតនៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា កីឡាករដែលរងគ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹកមិញនេះគឺកីឡាករ ចាន់ ប៊ុនហឿន និងកីឡាករ ហាប់ ខា។ ក្រោយពីរថយន្តបង្កបានបើកបុករួច កីឡាករទាំងពីររូបក៏ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ហើយក្នុងចំណោមកីឡាករពីររូបនេះកីឡាករដែលទទួលរងរបួសធ្ងន់ជាងគេនោះគឺកីឡាករ ចាន់ ប៊ុនហឿន ។
ចំណែកឯភាគីខាងរថយន្តបង្កបន្ទាប់ពីបានបើកបុកជនរងគ្រោះដែលជាកីឡាករល្បីឈ្មោះទាំងពីររូបនេះហើយ ក៏មិនបានរត់ទៅណាដែរ គឺនៅចរចាជាមួយនឹងភាគីជនរងគ្រោះ ហើយអ្នកបើករថយន្តជាមនុស្សស្រី ក្រោយកើតហេតុនេះភ្លាម នារីរូបនោះក៏ស្ថិតនៅមន្ទីរពេទ្យជាមួយជនរងគ្រោះដើម្បីដោះស្រាយផងដែរ។
គួរជម្រាបថា បើតាមប្រភពជិតស្និទ្ធរបស់កីឡាករចាន់ ប៊ុនហឿន បានឱ្យដឹងថា បច្ចុប្បន្នរបួសរបស់កីឡាករដែលជាជនរងគ្រោះ ទទួលរងរបួសបាក់ឆ្អឹងដងកាំបិត និងឆ្អឹងជំនីរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតក្រោមការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យ ៕
ដោយ៖ ជ្រោយពេជ្រ