ព័ត៌មានទាន់ហេតុការណ៍៖

ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងទិន្នន័យមន្រ្តីរាជការថ្នាក់ក្រោមជាតិ នៅក្នុងវិស័យអប់រំសម្រេចបាន ៩៨.៥៧% និងវិស័យសុខាភិបាលសម្រេចបានបាន ៦៨.៩៣%

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពប្រចាំខែសីហា ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ លោក ឡុង សារឿន អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធគ្រប់គ្រងមន្រ្តីតាមឌីជីថល បានរាយការណ៍ពីវឌ្ឍនភាពនៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងទិន្នន័យមន្រ្តីរាជការចូលក្នុងប្រព័ន្ធនៅថ្នាក់ក្រោមជាតិ ក្នុងនោះ ចំពោះវិស័យអប់រំ ជាលទ្ធផល អង្គភាពអប់រំដែលបានធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងទិន្នន័យមន្រ្តីក្នុងប្រព័ន្ធរួចរាល់បានចំនួន ៧ ៨១៣ អង្គភាពអប់រំ នៃ ៧ ៩២៦ ស្មើនឹង ៩៨.៥៧% ចំណែកខាងវិស័យសុខាភិបាលវិញ ជាលទ្ធផល មូលដ្ឋានសុខាភិបាល ដែលបានធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងទិន្នន័យមន្រ្តី ក្នុងវិស័យសុខាភិបាលបានចំនួន ១ ០៦៧ នៃ ១ ៥៤៨ មូលដ្ឋានសុខាភិបាល ស្មើនឹង ៦៨.៩៣%។

គោលបំណង នៃការរៀបចំប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងទិន្នន័យមន្រ្តីរាជការក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលចូលក្នុងប្រព័ន្ធ គឺជាប្រព័ន្ធព័ត៌មានវិទ្យា និងជាមធ្យោបាយសម្រាប់ប្រមូលទិន្នន័យរចនាសម្ព័ន្ធអង្គភាពអប់រំនិងសុខាភិបាលថ្នាក់ក្រោមជាតិ និងមន្រ្តីបម្រើការងារតាមអង្គភាពនីមួយៗ ដើម្បីមានមូលដ្ឋានទិន្នន័យច្បាស់លាស់យកមកវិភាគ ក្នុងការពង្រាយមន្រ្តី ការប្រើប្រាស់មន្រ្តី ការជ្រើសរើសមន្រ្តី ឱ្យមានប្រសិទ្ធភាព ក៏ដូចជាការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពវិស័យអប់រំ ជាពិសេសពីថ្នាក់មតេយ្យសិក្សាដល់បឋមសិក្សា និងលើកកម្ពស់គុណភាពវិស័យសុខាភិបាល ជាពិសេសនៅតាមមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណ៉ំសកម្មភាពបង្រ្គប់កម្រិត១ មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណ៉ំសកម្មភាពបង្រ្គប់កម្រិត២ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ថែមទាំងជំរុញការអនុវត្តការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព៕

ដោយ ៖ សិលា


ចែករំលែក៖