ព័ត៌មានទាន់ហេតុការណ៍៖

យល់យ៉ាងណាដែរប្រិយមិត្ត កាយវិការម្ចាស់រថយន្តសេរីទំនើប ស្លាកលេខ ន.ប 2-7788 ដាក់មកលើបុគ្គលិកផ្លូវល្បឿនលឿន.!(មានវីដេអូ) 

ចែករំលែក៖

ភ្នំពេញ ៖ កាលពីម្សិលមុិញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក  ទាំងប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានបង្ហោះព្រោងព្រាត ចំពោះកាយវិការម្ចាស់រថយន្តសេរីទំនើប ស្លាកលេខ ន.ប 2-7788 ដាក់មកលើបុគ្គលិកផ្លូវល្បឿនលឿន.! បន្ទាប់ពីមានចរិតអសីលធម៌ បើកបរមកដល់ត្រង់បញ្ជរបង់ប្រាក់ បុគ្គលិក ផ្លូវល្បឿនលឿន សួររកសំបុត្រ បែជាបោះកាត ហើយស្រែកឮៗ បង្ហាញពីកាយវិកា ក្រអឺតក្រទម អសីលធម៌បំផុត ។

ជុំវិញបញ្ហានេះ មកដល់ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ទាំងខាងក្រុមហ៊ុន ផ្លូវល្បឿនលឿន និងខាងសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ធ្វើការបកស្រាយ នៅឡើយទេ។

គឺកំពុងតែឆ្ងល់ថា ! កាយវិការម្ចាស់រថយន្តសេរីទំនើប ស្លាកលេខ ន.ប 2-7788 ដាក់មកលើបុគ្គលិកផ្លូវល្បឿនលឿន គាត់ជាអ្នកបើកខ្លួនឯង ឬក៏មានអ្នកដទៃបើកបរ ពីព្រោះថា ក្នុងនាមជាមន្ត្រីនគរបាលជាតិ ត្រូវមានសីលធម៌ ជាមន្ត្រីអនុវត្តច្បាប់ គោរពច្បាប់ បម្រើប្រជាពលរដ្ឋ មិនមែនប្រើកាយវិការមិនសមរម្យបែបនោះឡើយ។ ម្យ៉ាងវិញទៀតគេក៏ពុំដឹងថា តើខាងបុគ្គលិកផ្លូវល្បឿនលឿន គាត់ប្រើសម្ដីបែបណា ! សុទ្ធតែជាចម្ងល់នៅឡើយ ..? ដូច្នេះត្រូវការបកស្រាយឲ្យបានច្បាស់លាស់ ដើម្បីមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានជ្រាបជុំវិញបញ្ហានេះ ។ ខណៈប្រទេសកម្ពុជា ជាប្រទេសគ្រប់គ្រងដោយច្បាប់ ទោះជាអ្នកមានឡានទំនើប បុណ្យស័ក្តិ តួនាទីក្នុងកម្រិតណាក៏ដោយ ត្រូវតែគោរពច្បាប់ ផ្ទុយទៅវិញ បើម្ចាស់ឡានមានតួនាទីណាមួយ ហើយមានវត្តមាននៅក្នុងរថយន្តទំនើបដែលមានផ្លាក នប ជាអំពើខុសឆ្គងធ្ងន់ៗណាស់ សម្រាប់ទង្វើកាយវិការបែបនេះ ! ទើបមានការបង្ហោះព្រោងព្រាតលើបណ្ដាញទំនាក់ទំនងសង្គម។

កាលពីម្សិលមិញ មិនអាចធ្វើការទំនាក់ទំនងបានទេ សុំការបំភ្លឺពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ ក្នុងនោះក្នុងគ្រុបប្រព័ន្ធតេឡេក្រាម លោកមិនទាន់ធ្វើការបកស្រាយនោះឡើយ។ ពាក់ព័ន្ធក្នុងករណីនេះ ។

មន្ត្រីខ្លះបានលើកឡើងថា ៖ ប្រសិនបើផ្លាកលេខនោះ ជាផ្លាកលេខពិតប្រាកដ គឺមានអត្តសញ្ញាណម្ចាស់ឡាន ដូច្នេះងាយស្រួលណាស់ សម្រាប់សមត្ថកិច្ចអង្គភាពពាក់ព័ន្ធធ្វើការក្នុងរឿងនេះ ។

តើឡានលោកធំណាទៅអីក៏សម្បើមឬកម្ល៉េះ ? នេះជាការលើឡើងពីលេងហ្វេសប៊ុក ! និយាយឱ្យខ្លី សម័យ Facebook ព័ត៌មានលឿនណាស់ ប្រជាពលរដ្ឋគាត់ក៏មានការចេះដឹងច្រើន នាសម័យទំនើបនេះ គឺម្នាក់ មានព័ត៌មានក្នុងដៃម្នាក់ កុំចេះតែហ៊ាន អ្វីដែលធ្វើបំពានច្បាប់ ។ សូមមើលវីដេអូខាងក្រោមនេះតាមការគួរ ។

គេពុំដឹងច្បាស់ឡានឈ្មោះអី ឋានៈតួនាទីប៉ុណ្ណាទេ ប៉ុន្តែឃើញម្ចាស់ឡានបានធ្វើការបកស្រាយជាមួយនឹងសារព័ត៌មានក្នុងស្រុក១ ដោយបញ្ជាក់យ៉ាងដូច្នេះថា ៖ ខ្ញុំមានបញ្ហាពីម្សិលម្ង៉ៃ ! ដោយសារខ្ញុំប្រញាប់ ! ទៅដល់ផ្លូវឆ្លងល្បឿនលឿន ខ្ញុំឈប់រាងឆ្ងាយ ..អត់ដល់ ! ខ្ញុំក៏បានបោះកាតហ្នឹង រាងឆេវទៅប៉ះក្បាលក្មួយស្រី គេថាយើងគប់ ប៉ុន្តែមិនមែនទេ ខ្ញុំគ្មានចេតនាអីទៅ ធ្វើអញ្ចឹងទេ ! ម្ចាស់ឡានបានបន្តថា ៖ ខាងល្បឿនលឿនគាត់ក៏អត់មានបញ្ហាអ្វីដែរ …គាត់ចង់ខឹងខ្ញុំ ក៏បញ្ចេញព័ត៌មាននេះ ផុស ដូច្នេះខាងគ្រប់គ្រងផ្លូវល្បឿនលឿន គេសុំឱ្យអ្នកផុសលុប ហើយគេតាមដានរកអ្នកផុសនឹងទៀតផង។ មិនត្រូវអីផុសខ្ញុំទេ ជាធម្មតារាងឆ្ងាយខ្ញុំបោះទៅ ផុតពីដៃ ក្នុងគោលបំណងរបស់ឲ្យចំ តែកាតវាស្ដើងក៏ឆេវ ដូច្នេះសូមបងប្អូនមហាជនអធ្យាស្រ័យ ខ្ញុំគ្មានចង់បោះអញ្ចឹងទេ។

សូមជម្រាបថា ៖ ទោះបីជាមានការបកស្រាយបែបនេះក៏ដោយ តាមរយៈវីដេអូឃ្លីបដែលថតបានដោយក្រុមហ៊ុនផ្លូវល្បឿនលឿន ឃើញថាសកម្មភាពរបស់ម្ចាស់ឡាន មានចេតនាមិនបំពេញកាតព្វកិច្ចក្នុងការគោរព កាតព្វកិច្ចកន្លែងបញ្ជរបង់ប្រាក់រួចទៅហើយ ! ពិសេសការបកស្រាយរបស់គាត់ ហាក់គ្មានសមហេតុសមផល ពីព្រោះថាបុគ្គលិកក្រុមហ៊ុនល្បឿនលឿនដែលជាស្ត្រីនោះ គាត់បង្ហាញអំពីកាយវិការដ៏សមរម្យក្នុងការសំពះភ្ញៀវ ហើយម្ចាស់ឡានគប់កាតបែបនេះមើលទៅពិតជាមិនសមរម្យទៅហើយ ទោះជាមានការបកស្រាយបែបនេះក៏ពិតមែន ខ្លួនក៏អាចសិក្សាអំពីរូបភាពដែលខ្លួនបានប្រព្រឹត្តនោះផងដែរ តើសមទេ ? ៕

ដោយ ៖ សិលា

5_6224276196025176228

រូបភាពពី៖ ផ្លូវល្បឿនលឿន


ចែករំលែក៖