ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដើរឆ្លុះកណ្ដូបនៅពេលយប់ត្រូវពស់ស្រកាចាស់ចឹកស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវពស់ស្រកាចាស់ចឹកស្លាប់កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១១និង៣០នាទីយប់ ខណៈកំពុងដើរចាប់កណ្តូបនៅតាមវាលស្រែខាងត្បូងភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក  ។

នគរបាលស្រុកស្វាយចេកបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ដា រស់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នគរបាលបានបញ្ជាក់ថា តាមការបំភ្លឺរបស់ឈ្មោះ មួយ ម៉ង់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ជាមួយនឹងជនរងគ្រោះ បានរៀបរាប់ថា នៅថ្ងៃទី២៤ ខែឆ្នាំដដែល ពេលម៉ោង៣និង៣០នាទីរសៀល ខ្លួន និងជនរងគ្រោះបាននាំគ្នាជិះម៉ូតូទៅចាប់កណ្ដូបនៅភូមិឃុំកើតហេតុខាងលើ ពេលទៅដល់វេលាម៉ោងប្រហែល៦និង៣០ បាននាំគ្នាដើរចុះចាប់កណ្ដូបក្នុងវាលស្រែ ចម្ងាយប្រហែល១០ម៉ែត្រពីគ្នា ពេលកំពុងតែដើរចាប់ស្រាប់តែឈ្មោះ ដា រស់(ជនរងគ្រោះ) បានស្រែកប្រាប់ថា ពស់ចឹក។ បន្ទាប់មកខ្លួនក៏បានរត់ទៅជួយ ហើយឃើញពស់នៅក្បែរនោះ ក៏យកដំបងវាយពស់។ ក្រោយមកខ្លួនបានស្រែកហៅអ្នកភូមិក្បែរនោះអោយជួយដឹកជនរងគ្រោះតាមគោយន្តកន្ត្រៃយកទៅសង្រ្គោះនៅមន្ទីរពេទ្យស្រុកស្វាយចេក តែជាអកុសលពេលដល់មន្ទីរពេទ្យគ្រូពេទ្យបានពិនិត្យហើយប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។ សពជនរងគ្រោះត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកស្រុកស្វាយចេកដឹកយកទៅប្រគល់ជូនក្រុមគ្រួសារចាត់ចែងតាមប្រពៃណី៕ដោយវណ្ណ


ចែករំលែក៖