ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចុះពិនិត្យការបណ្តុះបណ្តាល និងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀន នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំក្រុមការងារ ចុះពិនិត្យការបណ្តុះបណ្តាល និងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀន នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង មន្ត្រីពាក់ព័ន្ធក្រោមឱវាទ និងគណៈគ្រប់គ្រង គ្រូឧទ្ទេស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។

មុននឹងឈានដល់ពិធីសំណេះសំណាលជាមួយបុគ្គលិកអប់រំ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចុះពិនិត្យមើលដំណើរការនៅបណ្ណាល័យ បន្ទប់ពិសោធន៍វិទ្យាសាស្រ្ត ឯកសារយុទ្ធសាស្រ្ត កម្មវិធីសិក្សា ឯកសារបង្រៀននិងរៀន និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាក្នុងវិទ្យាស្ថាន និងបានផ្តល់អនុសាសន៍ និងពាក្យទូន្មានល្អៗជូនដល់សិស្សនិស្សិត លើកទឹកចិត្តឱ្យបន្តខិតខំប្រឹង ប្រែងរៀនសូត្របន្ថែម ស្វែងរកនូវគន្លឹះបង្រៀនថ្មីៗ ក្លាយខ្លួនជាគ្រូបង្រៀនដែលមានគុណភាព ស្របតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន ឈានទៅដល់ការអភិវឌ្ឍគុណភាពអប់រំក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ដែរថា វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បាន និងកំពុងអនុវត្តកម្មវិធីអប់រំគ្រូបង្រៀន ក្នុងគោលបំណងផលិតបាននូវគ្រូបង្រៀនដែល មានគុណសម្បទាពេញលេញ សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការសាលារៀន ឆ្លើយតបនឹងកំណែទម្រង់អប់រំរបស់ ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងមូលធនមនុស្សជាមូលដ្ឋាន ក្នុងការអភិវឌ្ឍប្រទេសជាតិ។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់លោកនាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក៏ដូចជាការលើក ឡើងពីសំណួរ សំណូមពរ និងបញ្ហាប្រឈមផ្សេងៗ ពីគណៈគ្រប់គ្រង គ្រូឧទ្ទេស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់រួចមក តាងនាមក្រសួងអប់រំ យុវជន និង កីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអបអរ សាទរ និងវាយតម្លៃខ្ពស់ចំពោះបុគ្គលិកអប់រំនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដែលបានខិតខំធ្វើការអភិវឌ្ឍលើគ្រប់រូបភាពទាំងខាងផ្នែករឹង និងផ្នែកទន់ ដើម្បីពង្រឹងគុណភាពបង្រៀន និងរៀន ក៏ដូច ជារក្សាសោភណភាព និងបរិស្ថានវិទ្យាស្ថានបានល្អប្រសើរ។

ជាការឆ្លើយតបទៅនឹងសំណួរសំណូមពរ ពីបុគ្គលិកអប់រំ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំបន្ថែម ៩ចំណុចសំខាន់ៗដូចខាងក្រោម ដល់គណៈគ្រប់គ្រង បុគ្គលិកអប់រំ និងគ្រូឧទ្ទេសទាំងអស់ ដើម្បីឱ្យការបណ្ដុះបណ្ដាលគ្រូបង្រៀននៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ កាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ធានាបាននូវការបណ្ដុះបណ្ដាលនូវគ្រូបង្រៀនសតវត្សទី២១ជូនជាតិមាតុភូមិ និងគ្រប់ជំនាន់៖

១. បន្តថែទាំហេដ្ឋរចនាសម្ព័ន្ធរូបវន្តឱ្យបានស្អាតជាប់ជានិច្ច ធានាបាននូវបរិស្ថានសិក្សាល្អជានិរន្តសម្រាប់គ្រប់ជំនាន់

២. បន្តខិតខំប្រឹងប្រែងពង្រឹងគុណភាពគ្រប់ផ្នែក ដើម្បីចូលរួមទទួលការវាយតម្លៃជាគ្រឹះស្ថានគរុកោសល្យគំរូ

៣. ត្រូវមានចក្ខុវិស័យ និងយន្តការច្បាស់លាស់

៤. រៀបចំវគ្គពិសេសមួយ ដោយអញ្ជើញថ្នាក់ដឹកនាំក្រសួងធ្វើបាឋកថា ទាក់ទងនឹងកំណែទម្រង់ដែលក្រសួងកំពុងអនុវត្ត ឱ្យបុគ្គលិកអប់រំ និងគរុនិស្សិតទាំងអស់បានយល់គ្រប់គ្នា ដើម្បីធានាបានការអនុវត្ត ស្របគ្នាឱ្យចំគោលដៅ និងមានប្រសិទ្ធភាព

៥. ធ្វើការសិក្សា វាយតម្លៃគុណភាពអនុវត្តរបស់គ្រូបង្រៀនចេញថ្មី និងបញ្ហារបស់សាលារៀន និងផ្ដល់របាយការណ៍ដល់ក្រសួង ព្រមទាំងកែលម្អកម្មវិធីបណ្ដុះបណ្ដាលរបស់ខ្លួនឱ្យកាន់តែមានភាពឆ្លើយតប

៦. ត្រូវពង្រឹងគុណភាពនៃការអនុវត្ត ថាតើត្រូវធ្វើអ្វីខ្លះ និងធ្វើដូចម្ដេច ដើម្បីបណ្ដុះបណ្ដាលបាននូវគ្រូបង្រៀនសតវត្សទី២១

៧. ត្រូវបណ្ដុះបណ្ដាលគ្រូបង្រៀនថ្មីឱ្យចេះច្បាស់ និងអាចអនុវត្តបានល្អ នូវកញ្ចប់អំណានដំបូង និងគណិតដំបូង ដោយសហការជាមួយ សាលារៀនល្អ និងគ្រូបង្រៀនល្អ ដើម្បីឱ្យគរុនិស្សិតបានដកស្រង់បទពិសោធ និងរៀនសូត្រជាក់ស្ដែង

៨. បណ្ដុះបណ្ដាលយ៉ាងណាឱ្យគ្រូបង្រៀនដែលចេញពីវិទ្យាស្ថាន មានសមត្ថភាពច្នៃប្រឌិតខ្ពស់ អាចដោះស្រាយបញ្ហាបាននៅសាលារៀនគោលដៅដែលត្រូវទៅបម្រើការងារ ពិសេសអាចអនុវត្តវិធីសាស្រ្តបង្រៀនថ្មី ដែលបានរៀនពីវិទ្យាស្ថាន បទបែនស្របតាមស្ថានភាព និងបរិបទរបស់សាលារៀនជាក់ស្ដែង។

គ្រូបង្រៀនចេញថ្មីត្រូវមានសមត្ថភាពជួយក្រសួង ដើម្បីធ្វើកំណែទម្រង់ សាលារៀន មិនមែនឱ្យសាលារៀន ធ្វើកំណែទម្រង់គ្រូបង្រៀនចេញថ្មីទេ

៩. បង្កើតជាបណ្ដាញជាមួយគ្នារវាងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀន គ្រឹះស្ថានសិក្សានានា កម្រិតគ្រឹះស្ថាន និងកម្រិតគ្រូឧទ្ទេស ដើម្បីចែករំលែកបទពិសោធរៀនសូត្រពីគ្នាទៅវិញទីមក បង្កើននូវ «ភាពជាអ្នកដឹកនាំ» និង«ភាពជាម្ចាស់» និងត្រូវឱ្យមានការវាយតម្លៃពីផ្ទៃក្រៅផងដែរ ដើម្បីធានាបាននូវសង្គតភាព តម្លាភាពលើគុណភាព និងប្រសិទ្ធភាព៕


ចែករំលែក៖