អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៤ លោក Lopez ប្រធានាធិបតីម៉ិចស៊ិកបានថ្លែងនៅរដ្ឋធានីម៉ិចស៊ិកថា ភាគីម៉ិចស៊ិកបាន “ផ្អាក” ទំនាក់ទំនងជាមួយស្ថានទូតអាមេរិកប្រចាំនៅម៉ិចស៊ិកដើម្បីឆ្លើយតបនឹងពាក្យសម្តីរិះគន់របស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅម៉ិចស៊ិកនាពេលថ្មីៗកន្លងទៅនេះស្តីពីកំណែទម្រង់ប្រព័ន្ធតុលាការរបស់ម៉ិចស៊ិក។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ លោក Lopez បានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំនាថ្ងៃដដែលថា ពេលថ្មីៗកន្លងទៅនេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅម៉ិចស៊ិកបានលើកឡើងការរិះគន់ចំពោះកំណែទម្រង់ប្រព័ន្ធតុលាការដែលជំរុញដោយរដ្ឋាភិបាលម៉ិចស៊ិក ហេតុនេះ ម៉ិចស៊ិកសម្រេចចិត្ត”ផ្អាក”ទំនាក់ទំនងជាមួយស្ថានទូតអាមេរិកប្រចាំនៅមុិចស៊ិក។ លោកបន្តថា “ពួកគេចាំបាច់ត្រូវរៀនចេះពីការគោរពអធិបតេយ្យភាពរបស់ម៉ិចស៊ិក នេះមិនមែនជារឿងតូចតាចនោះទេ”។ ជាមួយគ្នានេះដែរ លោកបានថ្លែងថា ម៉ិចស៊ិកនឹងបន្តរក្សាទំនាក់ទំនងទ្វេភាគីជាមួយរដ្ឋាភិបាលអាមេរិកតទៅទៀត៕
ដោយ ៖ សិលា