ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ ខ្ញុំសូមចូលរួមអបអរសាទរជាមួយសម្តេចតេជោ និងសម្តេចធិបតី នាយករដ្ឋមន្រ្តី និងប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះលទ្ធផលដ៏អស្ចារ្យនៃយុទ្ធនាការកៀរគរមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមខ្សែបន្ទាត់ព្រំដែន

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានមានប្រសាសន៍ថា ៖ ខ្ញុំសូមចូលរួមអបអរសាទរជាមួយសម្តេចតេជោ និងសម្តេចធិបតីនាយករដ្ឋមន្រ្តី និងប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះលទ្ធផលដ៏អស្ចារ្យនៃយុទ្ធនាការកៀរគរមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមខ្សែបន្ទាត់ព្រំដែន ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា។ ត្រឹមរយៈពេល ២ថ្ងៃប៉ុណ្ណោះ សន្ទុះនៃការគាំទ្រទាំងស្មារតី និងសម្ភារបានផ្ទុះឡើងយ៉ាងខ្លាំងក្លា។ បងប្អូនប្រជាពលរដ្ឋទាំងជិតឆ្ងាយ មិនថាអ្នកនៅក្នុងប្រទេស ឬអ្នកនៅក្រៅស្រុក និងមានចាប់តាំងពីកុមារតូចៗ រហូតដល់លោកយាយលោកតាចាស់ព្រឹទ្ធាចារ្យសុទ្ធតែបានចូលរួមចំណែក ទោះតិចឬច្រើនក្តី។ ចលនាមហាសាមគ្គីជាតិដ៏ធំធេងនេះសបញ្ជាក់ឱ្យឃើញថា ខ្មែររួបរួមគ្នាជាធ្លុងមួយ ស្រលាញ់ជាតិ ស្រលាញ់ទឹកដី និងចង់ឃើញអនាគតប្រទេសជាតិមានការរីកចម្រើន។ ម្យ៉ាងទៀត ការចូលរួមចលនាជាតិដ៏មានសារៈសំខាន់មួយនេះក៏ជាការបញ្ជាក់សាជាថ្មីម្តងទៀតថា ប្រជាពលរដ្ឋម្ចាស់ឆ្នោតគាំទ្ររាជរដ្ឋាភិបាល ដែលខ្លួនបានផ្តល់សេចក្តីទុកចិត្តតាមរយៈការបោះឆ្នោត និងបានផ្តល់ក្តីសង្ឃឹម ១០០% មកលើរាជរដ្ឋាភិបាលក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុភមង្គល។

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ៖ នៅចំពោះទឹកចិត្ត និងស្មារតីសាមគ្គីភាពដ៏ក្លៀវក្លារបស់ប្រជាពលរដ្ឋគ្រប់ទិសទីនេះ ខ្ញុំពិតជាមានសុទិដ្ឋិនិយមខ្ពស់ចំពោះការកសាងជាតិក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ភស្តុតាងប្រវត្តិសាស្រ្តទាំងអស់បានឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលដែលមានជាក់ស្តែង និងដែលយើងបាន និងកំពុងអាស្រ័យផល នោះគឺសុខសន្តិភាព និងការអភិវឌ្ឍនេះឯង៕

ដោយ ៖ សិលា


ចែករំលែក៖