ព័ត៌មានទាន់ហេតុការណ៍៖

គណៈមេធាវីកម្ពុជានិងបរទេស មកសិក្សាស្វែងយល់ពី ការរៀបចំនិងការប្រព្រឹត្តទៅ និងវឌ្ឍនភាព នៃអំណាចនីតិប្បញ្ញត្តិរបស់ប្រទេសកម្ពុជាក្នុងអាណត្តិថ្មីនីតិកាលទី៧

ចែករំលែក៖

ភ្នំពេញ ៖ គណៈប្រតិភូគណៈមេធាវីកម្ពុជា និងគណៈមេធាវីបរទេស ចំរុះជាតិសាសន៍ មានឥណ្ឌា ថៃ ហុងកុង ចិន និងជប៉ុនសរុបចំនួន៧៨រូប បានអញ្ជើញមកកាន់វិមានរដ្ឋសភា នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញ ដើម្បីសិក្សាស្វែងយល់អំពី ការរៀបចំនិងការប្រព្រឹត្តទៅ និងវឌ្ឍនភាពថ្មីៗ នៃអំណាចនីតិប្បញ្ញត្តិរបស់ប្រទេសកម្ពុជា នៅក្នុងអាណត្តិថ្មីនីតិកាលទី៧។

លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូគណៈមេធាវីកម្ពុជានិងគណៈមេធាវីបរទេសបានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីការងាររដ្ឋសភា និងក៏សូមថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ដ៏កក់ក្ដៅរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ។ 

លោកប្រធានគណៈមេធាវីកម្ពុជា ជឿជាក់ថា តាមរយៈបទឧទ្ទេសនាមរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា នាឱកាសនេះ គណៈមេធាវីទាំងកម្ពុជានិងបរទេស នឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថែមទៀត សម្រាប់ការបំពេញការងាររបស់ខ្លួន។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងសហការី  ដែលបានអញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូគណៈមេធាវីនាពេលនេះ បានធ្វើបទបង្ហាញអំពី ការរៀបចំនិងការប្រព្រឹត្តទៅ ក៏ដូចជាវឌ្ឍនភាពថ្មីៗ នៃអំណាចនីតិប្បញ្ញត្តិរបស់ប្រទេសកម្ពុជា នៅក្នុងអាណត្តិថ្មីនីតិកាលទី៧នេះ ដោយឯកឧត្ដមបានមានប្រសាសន៍ជម្រាបជូនពីតួនាទីភារកិច្ចស្នូល ដែលជាកិច្ចការរបស់់រដ្ឋសភាត្រូវបំពេញក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិ គឺមានការងារនីតិកម្ម ការតាមដានការអនុវត្តច្បាប់ និងភាពជាតំណាងរបស់ប្រជាពលរដ្ឋ រួមជាមួយនឹងការខិតខំក្នុងការជំរុញទំនាក់ទំនងក្នុងវិស័យការទូតសភាផងដែរ។ 

លោកអគ្គលេខាធិការរដ្ឋសភា បានមានប្រសាសន៍បញ្ជាក់ថា រដ្ឋសភានីតិកាលទី៧ ដឹកនាំដោយសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាប្រធានរដ្ឋសភា គឺជាស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលបានទទួលតំណែងដ៏សំខាន់នៅក្នុងការដឹកនាំស្ថាប័ននីតិប្បញ្ញត្តិរបស់ជាតិ។ លោកក៏បានមានប្រសាសន៍លើកឡើងពីការផ្លាស់ប្ដូរការដឹកនាំរាជរដ្ឋាភិបាលពីអ្នកជំនាន់មុន មកកាន់អ្នកដឹកនាំបន្តវេនវ័យក្មេង ដែលមានភាពសកម្ម បំពេញការងាររហ័ស ប្រកBដោយភាពស្វាហាប់។

លោក ឡេង ប៉េងឡុង ក៏បានមានប្រសាសន៍អបអរសាទរ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់គណៈមេធាវីកម្ពុជា ជាមួយគណៈមេធាវីបរទេសចំរុះជាតិសាសន៍ទាំងអស់  ដែលនេះគឺជាសក្ខីភាព នៃចំណងមិត្តភាព និងសាមគ្គីភាព ដ៏មានតម្លៃខ្លាំងណាស់។ តាមរយៈកិច្ចសហប្រតិបត្តិការនេះដែរ ក៏នឹងរួមចំណែកដល់ការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការគ្នាតាមគោលការណ៍ពហុភាគីនិយម រវាងប្រជាជាតិនីមួយៗ ដើម្បីរួមរស់ជាមួយគ្នាដោយសុខសន្តិភាព៕

ប្រភព ៖ ( «CCFR China state-controlled media »)


ចែករំលែក៖