ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាកសិករឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានបញ្ឈប់ការប្រេីប្រាស់ថ្នាំកសិកម្មដេីម្បីជំរុញឱ្យឆាប់ទុំ ព្រោះវាអាចធ្វេីឱ្យប៉ះពាល់ដល់គុណភាពអង្ករ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម កាលពីម្សិលមិញនេះបានដឹកនាំមន្ត្រីជំនាញ ដោយសហការជាមួយមន្ទីរពាណិជ្ជកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ចុះស្រាវជ្រាវនិងវាយតម្លៃគុណភាពស្រូវស្រាលមិនប្រកាន់រដូវដែលបានដាំដុះនៅដេីមរដូវវស្សានេះ ហេីយកំពុងប្រមូលផលនៅឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ជាលទ្ធផល ស្រូវកំពុងប្រមូលផល មានគុណភាពល្អដែលអាចធ្វេីឱ្យអង្ករមានគុណភាពល្អដូចគ្នាដែរ ហើយកសិករបានបញ្ឈប់ការប្រេីប្រាស់ថ្នាំកសិកម្មដេីម្បីជំរុញឱ្យឆាប់ទុំ ព្រោះវាអាចធ្វេីឱ្យប៉ះពាល់ដល់គុណភាពអង្ករ។

ជាមួយគ្នានោះ លោកប្រតិភូ បានសំណេះសំណាលនិងស្វែងយល់អំពីការចំណាយក្នុងផលិតកម្មស្រូវដែលជាមធ្យម ថ្លៃដេីមផលិតកម្មដំណាំស្រូវគឺប្រមាណ ៣លានរៀល/ហិកតា ហេីយគាត់អាចទទួលបានទិន្នផលស្រូវប្រមាណ ៦តោន/ហិកតា និងអាចលក់បានថវិកាប្រមាណ ៦លានរៀល/ហិកតា។ ដូច្នេះ គាត់អាចទទួលបានប្រាក់ចំណេញប្រមាណ ៣លានរៀល/ហិកតា៕ដោយ៖តារា


ចែករំលែក៖