ភ្នំពេញ ៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានចាប់ផ្តើមហើយ ដោយមានការអញ្ជើញកាត់វិញ្ញាសាជានិមិត្តរូបដោយ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន ព្រមទាំងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។
ការប្រឡងប្រជែងនារសៀលនេះ មានបេក្ខជនចូលរួមចំនួន ៧២៩នាក់ (ស្រី ១៨៨នាក់) នឹងចាប់ផ្តើមនៅម៉ោង ១២:០០នាទីថ្ងៃត្រង់ លើវិញ្ញាសាចំនួន៣ ដែលបានរៀបចំរួចរាល់កាលពីព្រឹកមិញ រួមមាន៖ ១.វិញ្ញាសាជំនាញ ២.វិញ្ញាសាភាសាអង់គ្លេស និង ៣.វិញ្ញាសាវប្បធម៌ទូទៅ។
សូមបញ្ជាក់ថា៖ វិញ្ញាសាជំនាញ ដែលលោកឧបនាយករដ្ឋមន្ត្រី អញ្ជើញកាត់នាពេលនេះ មានរយៈពេល ២ម៉ោង ចាប់ពីម៉ោង ១២៖០០នាទី ដល់ ១៤៖០០នាទី។ បេក្ខជនបានជ្រើសរើសប្រឡងប្រជែងតាមផ្នែកជំនាញនីមួយៗ រួមមាន៖ ច្បាប់ ចំនួន ២៥៣នាក់, ស្ថាបត្យករ ចំនួន ៨៨នាក់, វិស្វករសំណង់ស៊ីវិល ចំនួន ១៤៦នាក់, រដ្ឋបាលសាធារណៈ ចំនួន ១៤២នាក់ និង ព័ត៌មានវិទ្យា ចំនួន ១០០នាក់៕
ដោយ ៖ សិលា