ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវ មាតា បិតា ឬអ្នកអាណាព្យាបាល ជួយជំរុញ បងប្អូន-កូនចៅ ឱ្យខិតខំរៀនសូត្របានជាប់លាប់

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់មាតា បិតាឬ អ្នកអាណាព្យាបាល ជួយជំរុញ បងប្អូន-កូនចៅ របស់ខ្លួន ឱ្យខិតខំរៀនសូត្រ ឱ្យបានជាប់លាប់ និងទទួលលទ្ធផលល្អគ្រប់ៗគ្នា។

តាមរយៈសារលិខិតរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៤ សម្ដេចធិបតី បានអំពាវនាវក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំគោលនយោបាយ ក្របខ័ណ្ឌច្បាប់ ស្តង់ដា ឬយន្តការចាំបាច់នានា ដើម្បីពង្រីកវិសាលភាពនៃកម្មវិធីអក្ខរកម្មទៅដល់ទីកន្លែងដែលត្រូវការ ដើម្បីធានា បាននូវឱកាសសិក្សាពេញមួយជីវិតសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ការស្តារនីតិសម្បទាការងារ និងការកែប្រែ ជោគវាសនាប្រជាពលរដ្ឋតាមរយៈការអប់រំ។

សម្ដេចធិបតី បន្ដថា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមយុទ្ធនាការប្រមូលសិស្សចូល រៀនឱ្យបានផុលផុស ចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលសិក្សា មជ្ឈមណ្ឌលសិក្សាសហគមន៍ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត មជ្ឈមណ្ឌលយុវជន និងគ្រប់គ្រងទិន្នន័យជនមានតម្រូវការ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានល្អនិងគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែល បាត់បង់ឱកាសរៀនសូត្រ ឬបោះបង់ការសិក្សា ឱ្យទទួលបានឱកាសរៀនសូត្រសាជាថ្មី។

សម្ដេចធិបតី បន្ថែមថា ជាពិសេសត្រូវ ខិតខំបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ដែលមានពិការភាពឬជនមានតម្រូវការពិសេស ឱ្យទទួល បានការសិក្សារៀនសូត្រប្រកបដោយសមធម៌និងបរិយាបន្ន»។

សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា ក្មួយៗជាសិស្ស និស្សិតតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមយុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជា និងសម្ព័ន្ធយុវជន ស្រឡាញ់សន្តិភាព ត្រូវសកម្មបន្តចូលរួមជួយបង្រៀនដោយស្ម័គ្រចិត្តដល់អ្នកមិនចេះអក្សរ ដែលស្ថិតក្នុង មូលដ្ឋានរបស់ក្មួយៗរស់នៅ។ សម្ដេច ថា «បងប្អូនជនរួមជាតិ ដែលជាមាតាបិតាឬអ្នកអាណាព្យាបាល ក៏សូមជួយ ជំរុញបងប្អូនកូនចៅ ឱ្យខិតខំរៀនសូត្រឱ្យបានជាប់លាប់ និងទទួលលទ្ធផលល្អគ្រប់ៗគ្នា»៕

ដោយ ៖ សិលា


ចែករំលែក៖