ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក អ៊ូអ៊ីណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២៨ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន (The 28th Cambodia-Japan Joint Committee Meeting) ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន (METI) និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជាជាច្រើនរូបផងដែរ។
ជាកិច្ចចាប់ផ្ដើម លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ វត្តមានរបស់ លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា តំណាងក្រសួង-ស្ថាប័ន សមាគម អង្គការ និងវិស័យឯកជនជប៉ុនដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនាឱកាសនេះ។ លោកឧបនាយករដ្ឋមន្ត្រី បានបន្តដោយជម្រាបជូនអំពីកិច្ចសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការទទួលស្ដាប់ និងចូលរួមស្វែងរកដំណោះស្រាយជូនដល់គ្រប់បណ្ដាវិនិយោគិនមិនគ្រាន់តែសម្រាប់វិនិយោគិនជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គ្រប់វិនិយោគិនពីបណ្ដាប្រទេសផ្សេងៗទៀតដែលបានជឿទុកចិត្តរាជរដ្ឋាភិបាលដោយសម្រេចបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ បន្ថែមពីនេះ វឌ្ឍនភាពនៃការវិនិយោគឯកជនរយៈពេល១ឆ្នាំ នៃនីតិកាលទី៧ របស់រាជរដ្ឋាភិបាល និងកិច្ចខិតខំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សំដៅដល់ការសម្រួលកិច្ចការងារវិនិយោគក៏ត្រូវបានរំលេចឡើងនៅក្នុងអង្គប្រជុំនេះផងដែរ។
មានប្រសាសន៍លើកឡើងក្នុងកិច្ចប្រជុំ លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានស្ដាប់យ៉ាងយកចិត្តទុកដាក់ និងចូលរួមដោះស្រាយនូវកង្វល់នានារបស់វិនិយោគិន ដែលបានលើកឡើងដោយវិនិយោគិនជប៉ុន ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះរវាងកម្ពុជា និងជប៉ុនកន្លងមក រហូតបានធ្វើឱ្យវេទិកាកិច្ចប្រជុំនេះ ក្លាយជាយន្តការគម្រូដែលនឹងត្រូវបានរាជរដ្ឋាភិបាលកម្ពជាប្រើប្រាស់ជាមួយបណ្ដាប្រទេសផ្សេងទៀតផងដែរ។ លោកឯកអគ្គរាជទូត បានលើកឡើងអំពីការមើលឃើញនូវការផ្សព្វផ្សាយយ៉ាងផុសផុលរបស់បណ្ដាញផ្សព្វផ្សាយក្នុងប្រទេសជប៉ុនអំពីសក្ដានុពលវិនិយោគនៅកម្ពុជា ជាលទ្ធផលក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខថ្នាក់ដឹកនាំកម្ពុជាដែលបានរៀបចំវេទិកាធុរកិច្ចរវាងកម្ពុជា-ជប៉ុន ក្រោមអធិបតីភាពសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងបន្ថែមពីនេះមានដំណើរទស្សនកិច្ចទាក់ទាញវិនិយោគិនរបស់ លោកឧបនាយករដ្ឋមន្ត្រីផ្ទាល់ ដែលជំរុញទឹកចិត្តឱ្យរដ្ឋាភិបាលជប៉ុនចូលរួមផ្សព្វផ្សាយអំពីការវិនិយោគនៅកម្ពុជា។
ក្នុងកិច្ចប្រជុំលើកទី២៨ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុននាឱកាសនេះ អង្គប្រជុំបានជជែកពិភាក្សាយ៉ាងផុសផុលលើប្រធានបទចំនួន១០ គ្របដណ្ដប់លើវិស័យពន្ធដារ ភស្ដុភារកម្ម ថាមពល ពាណិជ្ជកម្ម សន្តិសុខ និងធនធានមនុស្ស។ ក្នុងនោះដែរ លោកឧបនាយករដ្ឋមន្រ្តី បានជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវចូលរួមពិនិត្យសហការជាមួយភាគីពាក់ព័ន្ធ ដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមនានាដែលស្ថាប័នឯកជនបានស្នើឡើងឱ្យបានទាន់ពេលវេលា និងសម្រេចឱ្យបាននូវដំណោះស្រាយជាអតិបរិមាជូនដល់វិនិយោគិនឱ្យបានមុនកិច្ចប្រជុំបន្ទាប់នៅក្នុងរយៈពេល៦ខែខាងមុខ។ អាស្រ័យហេតុថា ការផ្តល់ដំណោះស្រាយយ៉ាងឆាប់រហ័សបានទាន់ពេលវលានឹងបង្កើនទំនុកចិត្តជូនដល់វិនិយោគិនដែលបានបណ្តាក់ទុននៅកម្ពុជា ក៏ដូចជាបង្កើនភាពទាក់ទាញដល់វិនិយោគិនថ្មីៗ ហើយការផ្សព្វផ្សាយអំពីផលវិជ្ជមានរបស់វិនិយោគិនកំពុងវិនិយោគនៅកម្ពុជានេះទៀតសោត គឺជាសក្ខីកម្មដ៏មានប្រសិទ្ធភាព ក្នុងការទាក់ទាញវិនិយោគិនថ្មីៗឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបានកាន់តែច្រើនឡើងបន្ថែមទៀត។
សូមជម្រាបជូនថា៖ កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ជាកិច្ចប្រជុំទ្វេភាគី ដែលជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដោយបានផ្តល់ឱកាសឱ្យអ្នកវិនិយោគជប៉ុន លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរដោយផ្ទាល់ ជូនតំណាងរាជរដ្ឋាភិបាលកម្ពុជាពិនិត្យដំណោះស្រាយ ក្នុងគោលបំណងជំរុញការវិនិយោគជប៉ុននៅកម្ពុជា៕
ដោយ ៖ សិលា