ភ្នំពេញ ៖ យោងតាមការបង្ហោះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា មានបងប្អូនប្រជាពលរដ្ឋច្រើនបាន Comment ជាសំនួរក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អំពីរបៀបដែលត្រូវចុះឈ្មោះចូលរួមក្នុងដំណើរទស្សនកិច្ច ទិសឦសាន និងទីកន្លែងដែលត្រូវស្នើសុំចុះឈ្មោះជាដើម។
តបតាមការស្នើសុំនេះ គេហទំព័រផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះអំពីសេចក្តីជូនដំណឹងផ្លូវការរបស់ក្រសួងព័ត៌មានស្តីពីការចុះឈ្មោះចូលរួមក្នុងដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ ដែលនឹងធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ ដោយចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤នេះ ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគទិសឦសាន។
យោងតាមសេចក្តីជូនដំណឹងនោះដែរ បានឱ្យដឹងថា សម្រាប់កម្មវិធីដំណើរទស្សនកិច្ចទៅកាន់ទិសឦសាននេះដែរ មិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅគឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ ដែលឧបត្ថម្ភដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមន្នី និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជនដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថិវកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រសួងព័ត៌មាន បានដឹកនាំដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃលើកដំបូង ទៅកាន់ខេត្តចំនួន៣ គឺខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ហើយអ្នកចូលរួមបានទៅមើលបង្គោលព្រំដែន ធ្វើដំណើរតាមផ្លូវក្រវាត់ព្រំដែន និងមើលច្រកទ្វារអន្តរជាតិនៅខេត្តក្រចេះ និងច្រកទ្វេភាគីកម្ពុជា-វៀតណាមនៅខេត្តមណ្ឌលគិរីផងដែរ។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដកស្រង់សំដីប្រជាពលរដ្ឋមកបង្ហោះថា , ឭមួយពាន់ដងមិនស្មើនឹងឃើញផ្ទាល់ម្តង! តាមរយៈទស្សនកិច្ចទិសឦសានផ្សារភ្ជាប់បូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤, ព្រះសង្ឃ ប្រជាពលរដ្ឋ និស្សិត បញ្ញាវ័ន្តដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចនេះបានបង្ហាញអារម្មណ៍រីករាយ និងជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារបូរណភាពទឹកដី និងថ្លែងថាពួកគាត់អស់មន្ទិលសង្ស័យ និងមិនជឿលើការផ្សព្វផ្សាយបំភ្លៃ បំផ្លើស បំភ័ន្តរបស់ក្រុមជ្រុលនិយមនៅលើបណ្តាញទំនាក់ទំនងសង្គមឡើយ។ ឃើញជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិបានយ៉ាងល្អ និងមិនឱ្យបាត់ដី សូម្បីតែមួយមិល្លីម៉ែត្រ៕
ដោយ ៖ សុខ ខេមរា