ខេត្តកំពង់ចាម៖ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា អញ្ជើញទស្សនកិច្ច ពិនិត្យមណ្ឌលប្រឡងយក “ពានរង្វាន់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត សម្រាប់សិស្សឆ្នើមថ្នាក់ទី១០ ប្រចាំ ស្រុកព្រៃឈរ ផ្តួចផ្តើមរៀបចំដោយ លោកកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ លោក លោកស្រី មន្ត្រីមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទ និងលោកគ្រូ អ្នកគ្រូ គណកម្មការ និងក្រុមការងារ បណ្ឌិតសភាភូមិន្ទ យុត្តិធម៌រៀបចំដំណើរការនៃការប្រឡង។
លើកឡើងក្នុងឱកាសនេះ លោកកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា គោលបំណងនៃការប្រឡងសិស្សឆ្នើមថ្នាក់ទី១០ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឆ្នាំសិក្សា២០២៣-២០២៤ នេះគឺដើម្បីជំរុញលើកទឹកចិត្តសិស្សគ្រប់រូប ជាពិសេសសិស្សដែលត្រូវចូលអនុវិទ្យាល័យ ដែលមានមូលដ្ឋានគ្រឹះរឹងមាំឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីត្រៀម ខ្លួនកាន់តែល្អប្រសើរសម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ។
មានប្រសាសន៍ក្នុងឱកាសនេះដែរ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានកោត សរសើរ និងវាយតម្លៃខ្ពស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តួចផ្តើមរៀបចំការប្រឡងសិស្សឆ្នើមនេះឡើង ក៏ដូចជាប្រឹងប្រែងយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំដំណើរការនៃការប្រឡងនេះតាំងពីការចាប់ផ្តើមរហូតឈានដល់ ថ្ងៃប្រឡងនាព្រឹកស្អែកនេះ និងបានគូស បញ្ជាក់ថា ដើម្បីឱ្យសិស្សខិតខំរៀន និងជោគជ័យក្នុងការសិក្សា ទាមទារចាំបាច់នូវកត្តាជំរុញជាច្រើន ដែលក្នុងនោះ វិធីសាស្ត្ររៀនត្រឹមត្រូវ រៀនបំប៉នឱ្យបានច្រើន ការលើកទឹកចិត្ត និងការប្រកួតប្រជែង ពិតជាសំខាន់ក្នុងការជំរុញឱ្យសិស្សមានការប្តេជ្ញាចិត្តខិតខំរៀនសូត្រដោយខ្លួនឯង និងមានភាពរីកចម្រើនជាបន្តបន្ទាប់ក្នុងការសិក្សា។
គួរបញ្ជាក់ដែរថា ដើម្បីលើកកម្ពស់សមត្ថភាពចំណេះ ដឹងរបស់សិស្ស ក៏ដូចជាលើកទឹកចិត្តចំពោះសិស្សពូកែដែលខំប្រឹងប្រែងរៀនសូត្រ តបតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចរៀបចំការប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ សម្រាប់វិទ្យាល័យទាំង ៥ ប្រចាំស្រុកព្រៃឈរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២៤ ស្អែកនេះ បេក្ខជនសរុបដែលនឹងចូលរួមក្នុងការប្រឡងនេះ មានចំនួនប្រមាណ៣១៣ នាក់។ ចំពោះមុខវិជ្ជាប្រឡង មាន ៤ មុខវិជ្ជា គឺ៖ គណិតវិទ្យា, រូបវិទ្យា, អក្សរសាស្រ្ត និង ប្រវត្តិវិទ្យា ។
តាងនាមក្រសួងអប់រំ យុវជន និង កីឡាបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី សូមជូនពរដល់បេក្ខជនត្រៀម ប្រឡងទាំងអស់ឱ្យទទួលបានជោគជ័យត្រចះត្រចង់ ឈានទៅសម្រេចក្តីស្រមៃរបស់ខ្លួនជាបន្តបន្ទាប់ និងក្លាយជាកម្លាំងចលករដ៏មានតម្លៃដើម្បីចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិឱ្យរីកចម្រើនឆាប់រហ័ស ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ២០៣០ និង ២០៥០៕
ដោយ៖ សូរិយា